ព័ត៌មានទាន់ហេតុការណ៍៖

Ansu Fati ចូលរួមជាមួយអេស្ប៉ាញនៅ World Cup ជាលើកដំបូងខណៈ Sergio Ramos, Thiago Alcantara និង De Gea មិនមានឈ្មោះ

ចែករំលែក៖

អេស្ប៉ាញរួមបញ្ចូលខ្សែប្រយុទ្ធ Ansu Fati លេងនៅ Barcelona ក្នុងក្រុមជម្រើសជាតិរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ ដែលជាការបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់លំដាប់ពិភពលោកមួយនេះ។ ចំណែកខ្សែបម្រើ Thiago Alcantara របស់ Liverpool, អ្នកចាំទី David de Gea របស់ក្រុម Manchester United និងខ្សែការពារវ័យជ្រេ Sergio Ramos របស់ក្រុម PSG មិនមានឈ្មោះក្នុងក្រុមកីឡាករទាំង២៦នាក់នៅ World Cup នោះទេ។

Fati ដែលបច្ចុប្បន្នមានវ័យ២០ឆ្នាំបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០២០ នៅអាយុ១៧ឆ្នាំ ហើយនៅក្នុងការប្រកួតទី២របស់គាត់បានក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីសម្រាប់ប្រទេសអេស្ប៉ាញ ដោយបំបែកកំណត់ត្រាដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩២៥ ដោយកីឡាករ Juan Errazquien។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះកំពុងតស៊ូវិលត្រលប់ពីការវះកាត់ចំនួន៤ដង ដើម្បីព្យាបាលរបួសជង្គង់ខាងឆ្វេងរបស់គាត់ដែលបានរងទុក្ខកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

លោក Luis Enrique គ្រូបង្វឹកអេស្ប៉ាញបានប្រាប់សន្និសីទសារព័ត៌មានមួយថា “គាត់គឺជាសំណួរចុងក្រោយរបស់យើង ខ្ញុំសង្ស័យរហូតដល់នាទីចុងក្រោយ ប៉ុន្តែខ្ញុំបានសម្រេចចិត្តសម្រាប់គាត់ ព្រោះគុណភាពបច្ចេកទេសរបស់គាត់គឺអស្ចារ្យ ហើយការនៅទីនេះជាមួយពួកយើងអាចធ្វើការជាកម្លាំងចិត្តដ៏ធំមួយសម្រាប់គាត់ ខណៈដែលគាត់នៅតែធ្វើការដើម្បីត្រលប់ទៅចំណុចកំពូល។ វាជាដំណើរការដែលគាត់នឹងឆ្លងកាត់ ដើម្បីក្លាយជា Ansu Fati ដែលគាត់មានមុនពេលរបួស។ ប្រាកដណាស់ វាអាចត្រូវបានវាយតម្លៃនៅពេលដែលគាត់នឹងងើបឡើងវិញនូវកម្រិតពីមុនរបស់គាត់។ វាគឺជារឿងមួយដែលយើងទាំងអស់គ្នាស្វែងរក”។

លោក Luis Enrique បានបដិសេធមិនធ្វើអត្ថាធិប្បាយលើកីឡាករដែលមិនត្រូវបានជ្រើសរើសមួយចំនួន ប៉ុន្តែអវត្តមានរបស់កីឡាករជើងចាស់ដូចជា អ្នកចាំទី De Gea, ខ្សែបម្រើ Thiago Alcantara,  ខ្សែការពារ Sergio Ramos និងខ្សែការពារ Marcos Alonso របស់ក្រុម Barcelona គឺជាការងាកទៅរកការពេញចិត្តរបស់អ្នកចាត់ការទូទៅរូបនេះក្នុងការចូលរួមជាមួយទេពកោសល្យកីឡាករជំនាន់ថ្មីរបស់ប្រទេសអេស្ប៉ាញ។

អ្នកចាំទី De Gea បានធ្លាក់ចេញពីការពេញចិត្តរបស់លោក Luis Enrique ដែលបាននិយាយកាលពីខែមីនាថា គាត់ចង់សាកល្បងអ្នកចាំទីផ្សេងទៀត ហើយ Thiago បានមើលឃើញថា តួនាទីរបស់គាត់ធ្លាក់ចុះជាមួយនឹងការកើនឡើងនៃយុវជន Barcelona ដូចជាកីឡាករ Pedriអាយុ១៩ឆ្នាំ និងកីឡាករ Gavi អាយុ១៨ឆ្នាំដែលសុទ្ធសឹងជាយុវជនវ័យក្មេង។

លោក Luis Enrique បាននិយាយថា “យុវជនផ្តល់ឱ្យអ្នកនូវសេរីភាព ពីព្រោះអ្នកមិនទាន់ដឹងពីផលវិបាក។ យ៉ាងណាក៏ដោយយុវជនភាគច្រើនដែលនៅជាមួយពួកយើងគឺស្ថិតនៅក្នុងក្រុមកម្រិតខ្ពស់រួចទៅហើយ។គោល​ដៅ​របស់ខ្ញុំ​គឺ​ការ​ប្រកួត​គ្រប់​ប្រកួត។ គ្មាននរណាម្នាក់ក្រៅពីអេស្ប៉ាញដែលច្រានចោល ថា ជាបេក្ខភាពក្នុងចំណោមបេក្ខភាពល្អបំផុតរបស់ប្រទេសយើងនោះទេ។ យើងនឹងធ្វើកាន់តែអស្ចារ្យ ដោយគ្មានការសង្ស័យទេ”។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញ​ត្រូវ​បាន​ចាប់ឆ្នោតស្ថិត​ក្នុង​ពូល E ជាមួយ​កូស្តារីកា, អាល្លឺម៉ង់ និង​ជប៉ុន។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៦នាក់របស់អេស្ប៉ាញសម្រាប់ World Cup នៅកាតា៖

អ្នកចាំទី ៖ Unai Simon (Athletic Bilbao), Robert Sanchez (Brighton & Hove Albion), David Raya (Brentford)។

ខ្សែការពារ ៖ Cesar Azpilicueta (Chelsea), Dani Carvajal (Real Madrid), Eric Garcia (Barcelona), Hugo Guillamon (Valencia), Pau Torres (Villarreal), Aymeric Laporte (Manchester City), Jordi Alba (Barcelona), Jose Gaya (Valencia)។

ខ្សែបម្រើ ៖ Sergio Busquets (Barcelona), Rodri Hernandez (Manchester City), Gavi (Barcelona), Carlos Soler (Paris St Germain), Marcos Llorente (Atletico Madrid), Pedri Gonzalez (Barcelona), Koke Resurreccion (Atletico Madrid)។

ខ្សែប្រយុទ្ធ ៖ Ferran Torres (Barcelona), Nico Williams (Athletic Bilbao), Yeremi Pino (Villarreal),Alvaro Morata (Atletico Madrid), Marco Asensio (Real Madrid), Pablo Sarabia (Paris St Germain), Dani Olmo (RB Leipzig), Ansu Fati (Barcelona) ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA/Marca)


ចែករំលែក៖