ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ ។
នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានធនាការ ADB បានសម្ដែងការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។
លោកបានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុន នៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។
ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគ ជ័យ ដោយសម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និងបានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។
គួរបញ្ជាក់ថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងប្រធាន ADB បានពិភាក្សាអំពីសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការធ្វើកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែ ប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង៕
ដោយ៖ សូរិយា