ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមាត់ស្ទឹងជិតស្ពានសន្តិភាពស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំនួន១៤គ្រាប់ និងមានថង់ថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូចផងដែរ។
ភ្លាមៗនោះសមត្តកិច្ចនគរបាលជំនាញស្រុកក៏ទទួលបានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពីលោកសេង គឹមឡាក់ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានដឹកនាំកម្លាំងជំនាញរបស់លោក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ទៅសហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងផែនសន្តិសុខនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាបាញ់កាំភ្លើងនោះបានចំនួន៦នាក់ (ជាជនជាតិថៃ) និងធ្វើការឆែកឆេរចំនួន ២ទីតាំងរួមមាន៖
ទីតាំងទី១៖ នៅផ្ទះសំណាក់វ៉ាន់ធី ឆែកឆេរមួយបន្ទប់បានរកឃើញកាំភ្លើងចំនួន១ដើមម៉ាករូឡូនិងគ្រាប់មួយប្រអប់ចំនួន៤៥គ្រាប់។
ទីតាំងទី២៖ នៅបន្ទប់ជួលម្លប់ខ្នុរ ឆែកឆេរមួយបន្ទប់បានរកឃើញកាំភ្លើង ខ្លី២ដើម។ តាមប្រភពពីរបាយការណ៍របស់មន្ត្រីនគរបាលជំនាញបានបន្តថា កាំភ្លើងទី១ម៉ាកឡុក មានបង់ចំនួន៣បង់ បង់ខ្លី២បង់ និងបង់វែង១បង់ ដែលមានគ្រាប់ចំនួន៥១គ្រាប់។ កាំភ្លើងទី២ម៉ាកគូសុី មានបង់១បង់ និងមានគ្រាប់ចំនួន៣០ គ្រាប់។
មន្ត្រីនគរបាលជំនាញបន្តទៀតថា÷
ជនសង្ស័យចំនួន៦នាក់ (ជាជនជាតិថៃ)
ទី១- ឈ្មោះ EIMRAKSAWONG PURIN ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកកាសុីណូហ្គែន ប៉ៃលិន (អ្នកបាញ់ និងជាម្ចាស់អាវុធ)។
ទី២- ឈ្មោះ តា ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបបុគ្គលិកកាសុីណូហ្គែន ប៉ៃលិន (អ្នកបាញ់និងជាម្ចាស់អាវុធ)។
ទី៣- ឈ្មោះ suepsomboat chaninthon ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាសុីណូហ្គែន ប៉ៃលិន ។
ទី៤- ឈ្មោះ BUNTHUK THAWATHCHAI ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ហ្គែនប៉ៃលិន។
ទី៥- ឈ្មោះ SITTIPONG VUTHICHAI ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូហ្គែន ប៉ៃលិន។
ទី៦- ឈ្មោះ អាត ធិប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាសុីណូហ្គែនប៉ៃលិន។
ក្រោយពីសមត្តកិច្ចជំនាញបានឃាត់ខ្លួន ជនសង្ស័យខាងលើទាំង៦នាក់និងវត្តុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត