អតីតឧត្តមសេនីយ៍អង់គ្លេសដែលចូលនិវត្តន៍ លោក Richard Shirreff ជាអតីតមេបញ្ជាការរងនៃអង្គការ NATO បានអំពាវនាវឱ្យសមាជិកណាតូបដិសេធការចរចាណាមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។
លោក Shirreff បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTimes នៅសប្តាហ៍នេះថា “សញ្ញាណាមួយនៃការចរចាគឺជាអ្វីដែលលោកពូទីនកំពុងស្វែងរក។ កុំធ្លាក់ក្នុងល្បិច គោលបំណងយូរអង្វែងរបស់ពូទីនគឺបន្តជម្លោះប្រដាប់អាវុធដើម្បីកសាងសហភាពរុស្ស៊ីឡើងវិញ និងលុបអ៊ុយក្រែនចេញពីផែនទី”។
ឧត្តមសេនីយ Shirreff ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៤បានអះអាងថា ការចរចាដើម្បីបញ្ចប់អរិភាពនឹងមិនទទួលបានអ្វីទាំងអស់។ លោក Shirreff បានបន្តទៀតថា “ចំណុចសំខាន់នៅទីនេះ គឺគ្មានសន្តិភាពនៅក្នុងទ្វីបអឺរ៉ុបទេ ប្រសិនបើលោកពូទីន ឬនរណាម្នាក់ដូចគាត់នៅតែបន្តនៅក្នុងការគ្រប់គ្រងវិមានក្រឹមឡាំង”។
ការលើកឡើងរបស់ឧត្តមសេនីយ៍ Shirreff មានន័យថា NATO មិនគួរខិតខំដើម្បីអ្វីតិចជាងជ័យជម្នះសម្រាប់អ៊ុយក្រែននៅលើសមរភូមិ និងការផ្លាស់ប្តូររបបនៅទីក្រុងមូស្គូនោះទេ។
ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បាននិយាយកាលពីថ្ងៃទី ៩ ខែវិច្ឆិកាថា ការដកខ្លួនរបស់រុស្ស៊ីចេញពីទីក្រុង Kherson បានបើកទ្វារសម្រាប់ការចរចាសន្តិភាព។ លោក Milley បាននិយាយថា៖ «នៅពេលមានឱកាសចរចាគឺយកវាទៅទោះបីជាយ៉ាងណាក៏ដោយ»។ ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនបានដាក់សម្ពាធលើអ៊ុយក្រែន ឱ្យអង្គុយនៅតុចរចាជាមួយរុស្ស៊ីនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត៖ AP