ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី និងអនុប្រធានាធិបតីឥណ្ឌា ជួបពិភាក្សាការងារទេ្វភាគី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី និងអនុប្រធានាធិបតីឥណ្ឌ ជួបពិភាក្សាការងារទ្វេភាគី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ នាជំនួប ពិភាក្សាការងារទ្វេភាគី នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ លោក Jagdeep_Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌ សម្រាប់ការគាំទ្រនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងផងអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរ ទស្សនកិច្ចជាលើកទី១របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មី ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ លោកអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ ជាងមុន។

លោកអនុប្រធានាធិបតី Jagdeep_ Dhankha បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ    និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បាន កត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើក ទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាពដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។ សម្ដេចតេជោ ក៏ បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្ម ។

នៅក្រោយជំនួបទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកអនុប្រធានាធិបតី Jagdeep Dhankha បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារដែលចុះហត្ថលេខារួចចំនួនបួន រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា ។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការ គ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។

៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។

៤. កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប៕

ដោយ : សុខ ខេមរា


ចែករំលែក៖