ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ ដោយសូមថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច ក្នុងការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជោគជ័យយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​ «សូមថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ប្រភេទដែលបានចូលរួម លះបង់​មិនខ្លាចនឿយហត់​ និងបំពេញភារកិច្ចក្នុងការការពារសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំ​ និងគណ:ប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធនានា​ ធ្វេីឡេីងនៅរាជធានីភ្នំពេញ​ ដែលយេីងជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ​ និងបរិយាកាយរីករាយបំផុត»។

សូមជម្រាបជូនថា​ កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រេចបាននូវឯកសារសំខាន់ៗ ចំនួន១០០ ដែលជាកិត្យានុភាពរបស់កម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ចំពោះ​បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយទូទៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលមួយនេះ ត្រូវធានាបានយ៉ាងល្អប្រសើរមិនមានបាតុភាពអ្វីកើតឡើង ដែលរារាំងដល់ដំណើរការនៃកិច្ចប្រជុំនោះឡើយ។

គួរបញ្ជាក់ថា​ កងកម្លាំងដែលបានចូលរួមការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ មានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤៕

ដោយ​៖ស​ តារា​


ចែករំលែក៖