ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា៖ លើសពីឳពុក (More than a father)៖ កម្ពុជា ពិតជាមានសំណាងណាស់ ដែលមានគាត់ ដែលហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីជាតិ និងមាតុភូមិ។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី កាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បានឱ្យដឹងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជប់ដោយជោគជ័យ ជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា។ យើងខ្ញុំពិតជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជោគជ័យជាប្រវត្តិសាស្រ្តនេះ។
ទន្ទឹមនឹងនេះ យើងខ្ញុំក៍សូមថ្លែងអំណរគុណជាពិសេសដល់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងមន្រ្តីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ ចំពោះការដាក់ចេញ និងចូលរួមអនុវត្តនូវផែនការការងារបានយ៉ាងមានប្រសិទ្ធិភាព មិនថាលើទិដ្ឋភាពនយោបាយ ខ្លឹមសារ និងបច្ចេកទេស។ ភាពជោគជ័យនេះ ក៏មិនអាចផ្តាច់ចេញផងដែរ ពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិនានា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទាំងមូលប្រព្រឹត្តិទៅបានដោយរលូន។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសំដែងនូវភាពជឿជាក់ខ្ពស់បំផុតចំពោះសមត្ថភាពកម្ពុជាមិនថាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជយោ ព្រះរាជាណាចក្រកម្ពុជា!៕
ដោយ៖ស តារា