ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបានធ្វើកំណែទម្រង់កងកម្លាំងប៉ូលិសពិសេសបន្ទាប់ពីមានសោកនាដកម្ម Halloween

ចែករំលែក៖

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង (NPA) បានធ្វើកំណែទម្រង់ក្រុមការងាររបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសោកនាដកម្មស្រដៀងគ្នានេះនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៩ ខែតុលា ដើម្បីកុំឱ្យកើតឡើងជាថ្មីម្តងទៀត ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង (NPA) បាននិយាយថា លោក Lee Chang-won ប្រធានសាកលវិទ្យាល័យ Hansung និង លោកCho Hyun-bai អតីតប្រធានប៉ូលិសនៃឆ្មាំសមុទ្រត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានក្រុមការងារ NPA។
យោងតាម NPA ក្រុមការងារនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ភារកិច្ចដំបូងរបស់ក្រុមការងារគឺពិនិត្យ និងពិនិត្យមើលឡើងវិញនូវប្រព័ន្ធត្រួតពិនិត្យ និងនីតិវិធីដែលមានស្រាប់ ក៏ដូចជាផ្តល់អនុសាសន៍ដល់ NPA ។
ក្រុមការងារក៏នឹងស្វែងរកមធ្យោបាយកែលម្អសមត្ថភាពគ្រប់គ្រងហ្វូងមនុស្ស និងស្នើវិធានការទប់ស្កាត់ និងធានាសន្តិសុខសម្រាប់ការប្រមូលផ្តុំមហាជន។
ចំណាត់ការរបស់ NPA ធ្វើឡើងក្នុងបរិបទដែលកម្លាំងប៉ូលិសកូរ៉េខាងត្បូងកំពុងរងការរិះគន់ចំពោះការទទួលខុសត្រូវរបស់ខ្លួនបន្ទាប់ពីឧប្បត្តិហេតុប្រជ្រៀតជាន់គ្នាកាលពីយប់ថ្ងៃទី២៩ ខែតុលា បណ្តាលឱ្យមនុស្សចំនួន១៥៨នាក់បានស្លាប់។
ក្រុមស៊ើបអង្កេតពិសេសមួយនៅក្រោម NPA កំពុងស៊ើបអង្កេតនិងបញ្ជាក់ពីមូលហេតុ ក៏ដូចជាការទទួលខុសត្រូវរបស់បុគ្គលនិងអង្គការដែលពាក់ព័ន្ធនៅក្នុងសោកនាដកម្មនៅក្នុងសង្កាត់ Itaewon រដ្ឋធានីសេអ៊ូល។
NPA បានសម្រេចស៊ើបអង្កេតមន្ត្រីប៉ូលិសជាបន្តបន្ទាប់ រួមទាំងអតីតនាយកដែលទទួលបន្ទុកផ្នែកប្តូរវេន ១១២ នៃនាយកដ្ឋានប៉ូលិសក្រុងសេអ៊ូល និងមន្ត្រីបួននាក់ផ្សេងទៀតចំពោះកំហុសក្នុងការគ្រប់គ្រងសុវត្ថិភាព និងនីតិវិធីរាយការណ៍ពីសោកនាដកម្មដ៏សោកសៅនៅ Itaewon ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN

រូប​ថត​ ៖​ YONHAP NEWS


ចែករំលែក៖