អូស្ត្រាលីគឺជាអ្នកដាក់ទណ្ឌកម្មទៅលើចិនមុន ទើបធ្វើឱ្យចិនត្រូវដាក់ទណ្ឌកម្មសងសឹកវិញ។ ការដាក់ទណ្ឌកម្មនោះបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អូស្ត្រាលី ទាំងនោះហើយទើបរដ្ឋាភិបាលទីក្រុងខេនបឺរ៉ា សង្ឃឹមថា ចិននឹងលុបទណ្ឌកម្មក្នុងវិស័យពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងជួបពិភាក្សាទ្វេភាគីនៅថ្ងៃទី ១៥ខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥និងទី១៦ ខែវិច្ឆិកា។
នោះជាជំនួបលើកដំបូងបង្អស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្រោយការធ្លាក់ដុនដាបនៃទំនាក់ទំនង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលមកដល់កោះបាលី នៅ១៤ខែវិច្ឆិកានេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលG20 លោក អាល់បានីស បាននិយាយដូច្នេះថា «យើងបោះជំហានដើរចូលកិច្ចពិភាក្សានេះដោយសុច្ឆន្ទៈ និងមិនមានកំណត់បុរេលក្ខខណ្ឌអ្វីទាំងអស់។ ខ្ញុំទន្ទឹងរង់ចាំកិច្ចសន្ទនាប្រកបដោយការស្ថាបនាជាមួយលោក ស៉ី ជីនពីង នៅថ្ងៃស្អែក»។
មេដឹកនាំអូស្រ្តាលីនិងចិនមិនធ្លាប់មានកិច្ចពិភាក្សាទ្វេភាគីជាលក្ខណៈផ្លូវការនោះឡើយក្នុងរយៈពេលប្រមាណជា៥ឆ្នាំមកនេះ។ កាលពីអំឡុងកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុនឆ្នាំ២០១៩ លោក ស្កុត ម៉ូរីសុន (Scott Morrison) ដែលកាលនោះជានាយករដ្ឋមន្រ្តីអូស្រ្តាលី បានជួបជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី ជីនពីង។ រីឯកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក អាល់បានីស ក៏បានជួបនិយាយជាលក្ខណៈក្រៅផ្លូវដូចគ្នា ជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជាផងដែរ។
ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលីដដែល ប៉ុន្តែទំនាក់ទំនងទ្វេភាគីវិញគឺបានចាប់ផ្តើមជួបភាពល្អក់កករ ដោយសារបញ្ហាវិវាទជុំវិញឥទ្ធិពលនិងអាកប្បកិរិយារបស់ចិននៅក្នុងតំបន់ប៉ាស៉ីហ្វិក ហើយក៏បានឈានដល់ការដួលរលំទាំងស្រុងតែម្តង បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៉ើបអង្កេតលើប្រភពដើមនៃវិបត្តិជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តី ចាប់តាំងពីលោក អាល់បានីស បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំនេះមក អូស្រ្តាលីបានបង្ហាញសញ្ញាជាច្រើនលើកអំពីបំណងចង់ស្វែងរកការចរចាគ្នាដើម្បីស្តារទំនាក់ទំនងឡើងវិញជាមួយចិន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN