ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau

ចែករំលែក៖

នៅថ្ងៃទី១៦ខែវិច្ឆិកា ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ចំពោះការលាតត្រដាងព័ត៌មានអំពីកិច្ចប្រជុំឯកជនរវាងប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូល G20 ។ នេះជាសកម្មភាពដ៏កម្រមួយសម្រាប់មេដឹកនាំចិនបង្ហាញការមិនពេញចិត្ត។
នៅក្នុងវីដេអូដែលផ្សាយដោយសារព័ត៌មានកាណាដា លោក Xi និងលោក Trudeau បានឈរជិតគ្នា ហើយបាននិយាយតាមរយៈអ្នកបកប្រែក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ លោក Xi បាននិយាយជាភាសាចិនកុកងឺថា “វាមិនសមរម្យទេ ហើយយើងមិនធ្វើវាតាមរបៀបនេះទេ។ លោក Xi បាននិយាយថា “ប្រសិនបើមានភាពស្មោះត្រង់ យើងអាចមានការដោះដូរដ៏ល្អ ជាមួយនឹងការគោរពគ្នាទៅវិញទៅមក បើមិនដូច្នេះទេ លទ្ធផលនឹងពិបាកនិយាយ” ។
សកម្មភាពខាងលើបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោក Trudeau បានប្រាប់សារព័ត៌មានថា លោកបានលើកឡើង “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពីការចោទប្រកាន់ថាប្រទេសចិនបានត្រួតពិនិត្យនិង “ជ្រៀតជ្រែក” នៅក្នុងការបោះឆ្នោតកាណាដាក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោក Xi នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីកាណាដាជួបជាមួយមេដឹកនាំចិនក្នុងរយៈពេលជាងបីឆ្នាំ។
អ្នកបកប្រែដែលឈរក្បែរលោក Xi បានប្រាប់លោក Trudeau ថា “អ្វីគ្រប់យ៉ាងដែលយើងបានពិភាក្សាត្រូវបានបែកធ្លាយដល់សារព័ត៌មាន ដែលមិនសមស្របទាល់តែសោះ”។
នៅពេលរិះគន់លោក Xi លោក Trudeau បាននិយាយថា “នៅប្រទេសកាណាដា យើងជឿជាក់លើការសន្ទនាដោយបើកចំហ និងស្មោះត្រង់ ហើយនោះជាអ្វីដែលយើងបន្តមាន។ យើងនឹងបន្តទន្ទឹងរង់ចាំធ្វើការរួមគ្នាក្នុងន័យស្ថាបនា ប៉ុន្តែមានរឿងខ្លះដែលយើងមិនយល់ស្រប»។
មុនពេលដែលលោក Trudeau និយាយចប់ លោក Xi បានរំខានថា “តោះបង្កើតលក្ខខណ្ឌ បង្កើតលក្ខខណ្ឌបានអត់?” បន្ទាប់មកក៏ចាប់ដៃលោក Trudeau ហើយញញឹមមុននឹងដើរចេញទៅ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ tienphong.vn


ចែករំលែក៖