ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាពោធិ៍សែនជ័យទទួលទេយ្យទាន ជាសម្ភារៈ និងថវិកា ពីវត្ដតាំងក្រសាំងខាងជើងនិងខាងត្បូង សង្កាត់កាកាប ដើម្បីបន្ដសកម្មភាពមនុស្សធម៌នៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅវត្តតាំងក្រសាំងខាងជើង និងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ទេយ្យទាន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដែលអញ្ជេីញទៅទទួលដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ។

       ព្រះចៅអធិការ គឹម ធួង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជេីង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ក៏ដូចជា នៅរាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

ព្រះចៅអធិការ ក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី និងបន្ដជួយទៀត ដើម្បីឲ្យការងារមនុស្សធម៌ដំណើរការដោយរលូនផងដែរ ។ 

     លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៏ ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះចៅអធិការ គឹម ធួង ពិសេសវត្ដទាំងពីរដែលតែងតែ បានបរិច្ចាគទេយ្យទាន ជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀតនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម ។ 

   លោកក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ដែលអនុសាខាបានអនុវត្ត និងកំពុងបន្តអនុវត្ត នៅតាមវិស័យស្នូលទាំង៤រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣. លេីកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា ៤. ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ជាពិសេសបានជម្រាបពីប្រភពចំណូលផ្សេងៗរបស់អនុសាខា ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់សប្បុរសជននានា ជាពិសេសគឺព្រះសង្ឃនៅតាមបណ្តាវត្តអារាម ។ 

  លោកក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទាន ជាសម្ភារៈទាំងនេះ ជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្រប តាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជាផងដែរ ។

       ទេយ្យទានដែលអនុសាខាខណ្ឌមកទទួល បានទាំងពីរវត្ដនាពេលនេះ រួមមាន៖ អង្ករ, មី,ទឹកផ្លែឈើ,ទឹកក្រូច,ទឹកដោះគោ, ស្ករសរ,ត្រីខ, តែកញ្ចប់ ,ទឹកស៉ីអ៉ីវ, ទឹកត្រី,និងសម្ភារៈផ្ទះបាយ,បាឡុង  និងថវិកាសរុប៤លានរៀលផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖