ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រនៅចិន ស្លាប់មនុស្ស៣៦នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៣៦នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យដែលកើតឡើងនៅក្នុងរោងចក្រមួយក្នុងខេត្ត Henan ប្រទេសចិន ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី២២ខែវិច្ឆិកានេះបានផ្សាយថាមនុស្ស៣៦នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្នុងទីក្រុង អាន់យ៉ាង (Anyang) នៃខេត្តហេណាន់ (Henan) ប្រទេសចិន។
គ្រោះអគ្គិភ័យខាងលើបានកើតឡើងនៅរោងចក្រមួយមានឈ្មោះថា Kaixinda Trading Co Ltd ស្ថិតនៅក្នុងស្រុកវិនហ្វឹង (Wenfeng) នៃទីក្រុងអាន់យ៉ាង កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ៦៣គ្រឿងទៅកាន់កន្លែងកើតហេតុ។ ក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោងប្រហែល៨យប់ថ្ងៃដដែល រីឯអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែលជា១១យប់។ ប៉ុន្តែគិតនៅត្រឹមព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរចិនបានបញ្ជាក់ថា មនុស្ស៣៦នាក់បានស្លាប់និង២នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯមនុស្ស២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
មកទល់ពេលនេះ មូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គិភ័យខាងលើមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ ហើយម្ចាស់រោងចក្រខាងលើអាចប្រឈមនឹងការចាប់ខ្លួន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Sputnik)


ចែករំលែក៖