ព័ត៌មានទាន់ហេតុការណ៍៖

ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន ៧៣ប្រអប់ ដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន ៧៣ប្រអប់ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលអញ្ជើញទទួលដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានទទួលព្រះរាជអំណោយរួចមក លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ប្រកបដោយបរិយាកាសកក់ក្តៅបំផុត ដែលបានទទួលព្រះរាជទាន ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នូវចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និង អំពូលភ្លើង) ចំនួន ៧៣ប្រអប់។ ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបុព្វហេតុសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា។

ខ្ញុំម្ចាស់ សូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ ខ្ញុំម្ចាស់ និងសហការី ព្រមទាំងប្រជានុរាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ សូមលំឱនកាយលើកហត្ថវរវន្ទាបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ សូមអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមជាខ្លឹមសារទាំងស្រុងសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

ដោយ : សិលា


ចែករំលែក៖