ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមុិញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ចូសស៊ី ហ្វូសទីណូ អនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិហ្វីលីពីន នៅសណ្ឋាគារសុខាខេត្តសៀមរាប។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែង នូវការស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ នៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីអច្ឆរិយៈ និងជាទីក្រុងបុរាណនាពេលនេះ។ សម្ដេចបានចាត់ទុកថាការអញ្ជើញចូលរួមប្រជុំនាពេលនេះពិតជាមានសារសំខាន់ សម្រាប់ប្រទេសនៅក្នុងតំបន់ ។សម្ដេចពិជ័យសេនា បានគូសបញ្ជាក់ថា ៖ យើងខកខានជួបជុំគ្នាដោយផ្ទាល់ អស់រយៈពេល២ ទៅ៣ ឆ្នាំកន្លងមកហើយ ហើយការជួបជុំគ្នានៅពេលនេះគឺជាការអំណោយផលណាស់ក្នុងការពិភាក្សាគ្នា។

លោក ចូសស៊ី ហ្វូសទីណូ អនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានថ្លែងនូវអំណរគុណចំពោះការទទួលគណៈប្រតិភូហ្វីលីពីនយ៉ាងកក់ក្តៅ ហើលោក បានសំដែងការគាំទ្រចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ាន-បូក បានយ៉ាងល្អនៅពេលនេះ ។ លោក បានសំដែងការគាំទ្រកម្ពុជាក្នុងការធ្វើជាសហប្រធានជាមួយប្រទេសចិន លើក្រុមការងារជំនាញបោសសំអាតគ្រាប់មីនមនុស្សធម៌ផងដែរ។ ជាមួយគ្នានេះ ដែល លោក សូមគាំទ្រចំពោះអនុស្សរណៈយោគយល់ដែលបានចុះជាមួយគ្នា រវាងកម្ពុជា និងហ្វីលីពីន តាំងពីឆ្នាំ២០១៧ ហើយរង់ចាំការរៀបចំកិច្ចប្រជុំរួមគ្នារវាងកម្ពុជា និងហ្វីលីពីននៅក្នុងឆ្នាំ២០២៣ខាងមុខ។ លោក ចូសស៊ី ហ្វូសទីណូ បានបញ្ជាក់បន្ថែមថា៖ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ហ្វីលីពីន បានបញ្ចប់ឯកសារជាមួយគ្នា ក្នុងនោះការហ្វឹកហាត់សមយុទ្ធ និងការផ្លាស់ប្តូរសិក្ខាកាម និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ជាពិសេសកងកម្លាំងពិសេសហ្វីលីពីន ក៏រង់ចាំធ្វើការហ្វឹកហាត់ និងបង្រៀនដល់កងទ័ពជើងគោកកម្ពុជា។ លោក ក៏បានស្នើសុំឲ្យកម្ពុជា ដាក់នៅអនុព័ន្ធយោធាកម្ពុជាប្រចាំនៅហ្វីលីពីនផងដែរ។ លោក ចូសស៊ី ហ្វូសទីណូ បានបញ្ជាក់ថា ហ្វីលីពីនកំពុងរៀបចំក្នុងការដាក់ពាក្យស្នើក្នុងការធ្វើជាសហប្រធាន លើកម្មវិធីអ្នកជំនាញរបស់ ADMM លើវិស័យសន្តិសុខលម្ហសមុទ្រជាមួយជប៉ុន ដែលនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ និង២០២៧ ហើយនឹងសង្ឃឹមថាទទួលបានការគាំទ្រពីកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវក្តីរីករាយថា ការជួបជុំគ្នាក្នុងមហាគ្រួសារអាស៊ាននាពេលនេះ កាន់តែធ្វើឱ្យមានការរឹងមាំ រីកលូតលាស់ និងរឹងមាំក្នុងន័យសាមគ្គីភាព និងភាពសុខដុមហើយយើងសង្ឃឹមថាក្រុមការងារនៃប្រទេសទាំង២នឹងរួមពិភាក្សាជាមួយគ្នា ៕

ដោយ : សហការី


ចែករំលែក៖