ព័ត៌មានទាន់ហេតុការណ៍៖

អធិករណ៍នៅក្នុងវត្តនិរោធរង្សីត្រូវបានបញ្ចប់ក្រោមកិច្ចខិតខំប្រឹងប្រែងដោះស្រាយរបស់លោកអភិបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

 ភ្នំពេញ ៖ កិច្ចខិតខំប្រឹងប្រែងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមការងារសម្របសម្រួល  ដោយមានកិច្ចសហការពីព្រះគ្រូចៅអធិការវត្តនិរោធ ដើម្បីបញ្ចប់អធិករណ៍នៅក្នុងវត្តនិរោធរង្សី  ក្នុងសង្កាត់និរោធ  ខណ្ឌច្បាអំពៅ ពេលនេះបានចប់ជាស្ថាបពរហើយ ។

    នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២  លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះគ្រូចៅអធិការវត្តនិរោធរង្សី  បាននិមន្តនិងអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងនិងបន្តសុពលភាព គណៈកម្មការ  អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី ។

    យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  ត្រូវបានតែងតាំងអាចារ្យ  គណៈកម្មការ វត្តនិរោធរង្សី ចំនួន២៧រូប ក្នុងនោះគណៈកម្មការទទួលបន្ទុកអាចារ្យ និងការងាររដ្ឋបាល ចំនួន១០រូប និងគណៈកម្មការទទួលបន្ទុកទ្រទ្រង់ និងចាត់ចែងចង្ហាន់ព្រះសង្ឃ ចំនួន១៧រូប ។

     មានមតិសំណេះសំណាលក្នុងពិធីនេះ លោកចេងមុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បាន ស្នើឲ្យ គណៈកម្មការ អាចារ្យវត្តនិរោធរង្សី សហការជាមួយមន្ត្រីសង់ ធ្វើស្ថិតិព្រះសង្ស សីលវន្ត សីលវតី សិស្ស និស្សិត ដែលស្នាក់គង់នៅវត្ត ធ្វើបញ្ជីចំណូលចំណាយនិងធ្វើរបាយការណ៍ ស្ដីពីសកម្មភាពរបស់វត្តផ្ញើគ្រប់ស្ថាប័នពាក់ព័ន្ធ ។ ដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងផ្សេងទាំងនៅក្នុងនិងក្រៅវត្តឲ្យស្របតាមប្រពៃណីព្រះពុទ្ធសាសនា ។ រាំងខ្ទប់រាល់ការស្នាក់នៅរបស់ព្រះសង្ឃ និងជន ដែល មិនស្របច្បាប់និងរក្សាការពារឲ្យបានល្អរាល់គរុភណ្ឌរបស់វត្តយកចិត្តទុកដាក់ជំរុញការកសាងវត្តឲ្យបានរីកចម្រើន ។ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធដើម្បីនាំមកនូវភាពរីកចម្រើនរបស់វត្ត ។ គ្រប់ការងាររបស់វត្ត ត្រូវតែពិភាក្សាឯកភាពជាមួយមន្ត្រីសង្ឃវត្តជាមុន មុននឹងអនុវត្តអ្វីមួយ ជាពិសេសរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ។

     នៅចុងបញ្ចប់នៃពិធីប្រកាសនេះដែរ លោកអភិបាលខណ្ឌបានស្នើអោយលោកយាយ  លោកតា គណៈកម្មការ  អាចារ្យ ត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកលោកយាយ លោកតា ដែលចុះឈ្មោះហើយសូមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ហើយត្រៀម ខ្លួនទៅបោះឆ្នោតជូនគណបក្សណាដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍  ស្វែងរកសន្តិភាពជូនប្រទេសជាតិ  និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតលោកយាយ លោកតា និងប្រជាពលរដ្ឋទូទាំងប្រទេស  គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ធ្វើអោយប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព  ។ ដូច្នេះដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។

      សូមកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម៕  

ដោយ ៖ សណ្តោស


ចែករំលែក៖