ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោក ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺរៀបចំឡើងដើម្បីជួបពិភាក្សាពិគ្រោះយោបល់លើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាជួយចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) ចំពោះគំនិតផ្តួចផ្តើមរៀបចំសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស ដែលនឹងត្រូវដាក់ជូនមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ ឆ្នាំ២០២២ នាពេលខាងមុខ។ សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងនៃការប្រកួតប្រជែងសព្វាវុធក្នុងលំហអាកាស ដោយពុំអនុញ្ញាតឱ្យមានការរក្សាទុកនូវប្រព័ន្ធសព្វាវុធនៅក្នុងលំហអាកាសឡើយ ដើម្បីធានានូវសុខសន្តិភាពរបស់ពិភពលោកទាំងមូល។

លោក បានបន្តថា ក្នុងពេលបច្ចុប្បន្នប្រទេសជឿនលឿនមួយចំនួន បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ជាពិសេសប្រព័ន្ធសព្វាវុធទំនើបៗដែលអាចរក្សាទុកនៅក្នុងលំហអាកាស ហើយការដែលមានប្រព័ន្ធសព្វាវុធនៅក្នុងលំហអាកាសនេះ គឺជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។ 

លោក បានបញ្ជាក់ថា នេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់មួយ ក្នុងគោលដៅដើម្បីពង្រឹងយន្តការគ្រប់គ្រងលំហអាកាស ក្នុងគោលបំណងធានាការពារផលប្រយោជន៍រួមរបស់ពិភពលោក សម្រាប់សន្តិភាព និងមនុស្សជាតិលើសកលលោក៕

ដោយ ៖ សហការី


ចែករំលែក៖