ខេត្តបាត់ដំបង ៖ នេះបេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកបវេល ព្រមទាំងក្រុមការងារ សមាគម អតីតយុទ្ធជនខេត្ត និងស្រុកបវេល កាលពីព្រឹកមិញនេះ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រចំនួន ៤០គ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងគ្រប់ពេលវេលា ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
លោកក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឱ្យនៅគង់វង្សយូរអង្វែង និងត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិយើង។
ជាមួយគ្នានោះ អតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះបានទទួលអំណោយរបស់លោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០០០០រៀល អង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕
ដោយ៖សហការី