ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ ការប្រឡងប្រជែងចូលក្របខ័ណ្ឌសុខាភិបាលឆ្នាំ២០២២ នេះ បានប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយពុំមានភាពលម្អៀង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសូមជម្រាបសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាលបានទទួលក្របខណ្ឌជាអាទិភាពសម្រាប់ ជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាលឆ្នាំ២០២២ ដើម្បីជម្រុញនិងលើកកម្ពស់ការផ្តល់សេវា សុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។ ការប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាលឆ្នាំ២០២២ នេះ បានប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយពុំមានភាពលម្អៀងដូចការយល់ច្រឡំ របស់មតិមួយចំនួនតូចនោះទេ ដោយហេតុថាការប្រឡងប្រជែងនេះ គឺមានការបង្កើតគណៈកម្មការនិងអនុគណៈកម្មការជាច្រើន ដែលមានការចូលរួមពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយតាំងពី ចាប់ផ្តើមដំបូងនៃដំណើរការប្រឡង។ គ្រប់គណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង សុទ្ធតែបានបំពេញភារកិច្ចរបស់ ខ្លួនយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវៈគន្លងច្បាប់និងនីតិវិធីត្រឹមត្រូវ បម្រើបានថែមទៀតនូវ អភិក្រមទាំង៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា។

ក្នុងកិច្ចដំណើរការនៃការប្រឡងប្រជែងនេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់ប្រព័ន្ធឌីជីថលជាជំនួយដោយបាន កែប្រែពីការធ្វើកំណែវិញ្ញាសាដោយដៃ មកជាកំណែវិញ្ញាសាដោយកម្មវិធីកុំព្យូរទ័រ ធ្វើឱ្យការចេញលទ្ធផលបានឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏សូមអបអរសាទរ និងស្វាគមន៍បេក្ខជនដែលត្រូវបានជ្រើសរើសចូលក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ និងសូមលើកទឹកចិត្តចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ សូមឱ្យមានការតាំងចិត្តខិតខំប្រឹងប្រែងជាបន្តទៀត សម្រាប់ឱកាសការប្រឡងប្រជែងលើកក្រោយ ព្រោះការដែលមិនត្រូវបានជ្រើសរើសនេះមិនមែនបញ្ជាក់ថា បេក្ខជនមិន មានសមត្ថភាពនោះទេ តែនេះជាការប្រឡងប្រជែងជ្រើសរើសអ្នកដែលមានសមត្ថភាពខ្ពស់ជាង តាមចំនួនកំណត់ប៉ុណ្ណោះ (ដូចសាធារណមតិលើកឡើងថា “អ្នកចេះជាង ជាប់”) មិនមែនជាការប្រឡងយកពិន្ទុមធ្យមភាគនោះទេ។

ឆ្លៀតឱកាសនេះ ក្រសួងសុខាភិបាលក៏សូមថ្លែងអំណរគុណជាអនេក និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ក៏ដូចជាក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងស្ថាប័ន/ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញការងារយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពុំ ខ្លាចនឿយហត់ ធ្វើឱ្យដំណើរការនៃការប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាលឆ្នាំ២០២២ ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ៕

ដោយ : សិលា


ចែករំលែក៖