ខេត្តព្រះវិហារ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារីនៅគ្រប់ទីកន្លែង ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះ លោកស្រី សុខា គងពិសី ដែលត្រូបានប្រកាសតែងតាំងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបានថ្លែងនូវការកោតសរសើរដល់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ ដោយមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពី លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
លោកស្រីកិត្តិបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងបានអំពាវនាវឲ្យនារីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ និងបានណែនាំឲ្យ នារីគ្រប់រូប ត្រូវចេះការពារ នូវសមិទ្ធិផល និងផលប្រយោជន៍របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសម្លេងគាំទ្រគណបក្ស ១សន្លឹក ជាពិសេស ក៏សូមថ្លែងអំណរគុណ ចំពោះការចូលរួមរបស់នារីនៅគ្រប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ និងត្រូវរក្សាប្រៀបឈ្នះឲ្យបាន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ ។
នៅក្នុងពិធីនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានជូនថវិកាចំនួន ១៣លានរៀល និង ២.២០០$ ទៅសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ផងដែរ ៕
ដោយ ៖ សហការី