ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​៖​ កិច្ចសហការរវាងក្រុមហ៊ុន និងសមាគម​ចិញ្ចឹមសត្វ​ មានភាពចាំបាច់ណាស់ ដេីម្បីវាយតម្លៃទីផ្សារ​ និងរៀបចំផែនការផលិត​ ទាំងតម្រូវការ​ និងការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅព្រឹកថ្ងៃ​ទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះយ៉ាងដូចនេះថា៖​ កិច្ចសហការរវាងក្រុមហ៊ុន និងសមាគម​ចិញ្ចឹមសត្វ​ មានភាពចាំបាច់ណាស់ ដេីម្បីវាយតម្លៃទីផ្សារ​ និងរៀបចំផែនការផលិត​ ទាំងតម្រូវការ​ និងការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារ។ 

លោក ឌិត ទីណា​ បានគូសបញ្ជាក់ថា​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានទស្សនា​ និងស្តាប់ការបង្ហាញរបស់ក្រុមហ៊ុន CP Cambodia ខ្ញុំបានឱ្យក្រុមហ៊ុនផ្សព្វផ្សាយដល់កសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ទាំងអស់ អំពីគោលនយោបាយអនុគ្រោះថ្លៃភ្លេីងសម្រាប់ការងារកសិកម្ម​ និងការប្រេីប្រាស់ភ្លេីងពេលយប់។ 

អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ នឹងចូលរួមពិនិត្យមើលលើការងារនេះ។ ក្នុងស្ថានភាពបច្ចុប្បន្ន​ ក្រុមហ៊ុនគួរណែនាំដល់កសិដ្ឋានដែលបានធ្វេីកិច្ចសន្យាចិញ្ចឹមជាមួយ​ កុំទាន់ឱ្យបង្កេីនរោងថ្មី ដើម្បីបញ្ចៀសឱ្យបាននូវការផ្គត់ផ្គង់លេីសតម្រូវការ។ 

ទាក់ទងនឹងសាច់ជ្រូក​ ដែលចេញពីទីសត្តឃាតរបស់ក្រុមហ៊ុន​ ក្រុមហ៊ុនគួរតែទំនាក់ទំនងជាមួយ​ផ្សារទំនេីប​ ភោជនីយដ្ឋាន​ ដេីម្បីធានានូវទីផ្សារផ្គត់ផ្គង់ដែលមាននិរន្ដរភាព។

សូមជម្រាបដែរថា​ នៅរសៀល​ថ្ងៃ​ទី២៣​ ខែវិច្ឆិកា​ម្សិលមិញនេះ​ដែរ​ លោករដ្ឋមន្រ្តី​កសិកម្ម​ បានឱ្យដឹងដែរថា៖​ ដើម្បីកាត់បន្ថយការចំណាយក្នុងការទិញចូលស្ពែមគោ (ពូជគោប្រាម៉ាន់) កសិដ្ឋានគួរតែសិក្សាពីការចំណាយលើការទិញទឹកស្ពែម ថាតើថ្លៃទិញពីក្រៅប្រទេស និងការផលិតក្នុងស្រុកមួយណាចំណាយច្រើនជាង។ ប្រសិនបើការផលិតក្នុងស្រុកចំណាយតិចជាងកសិដ្ឋានគួរតែសហការជាមួយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីផលិតទឹកស្ពែមនេះ  ដែលមានភាពងាយស្រួលក្នុងការពង្រីក និងផ្សព្វផ្សាយបានលឿន ចំណេញពេលវេលា និងថវិកា។  

លោករដ្ឋមន្ត្រី​ បន្តថា​ ម្យ៉ាងទៀតដើម្បីឱ្យមានភាពទាក់ទាញនៅក្នុងកសិដ្ឋានយើងគួរតែរៀបចំនូវព្រឹត្តិការណ៍ប្រលងប្រណាំង លក្ខណសម្បត្តិ គោ ដោយមានការចូលរួមពីកសិដ្ឋានមកពីតំបន់ផ្សេងៗ៕

ដោយ​៖សហការី​


ចែករំលែក៖