ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា, សត្វដំរីជាថនិកសត្វលើគោកដែលមានមាឌធំជាងគេ មានភាពវៃឆ្លាត ហើយរស់នៅជាហ្វូង។ ស្រដៀងនឹងឥរិយាបទមនុស្សដែរ សត្វដំរីត្រូវការរស់នៅមានលំហរឯកជន ដែលវាអាចធ្វើឲ្យមានភាពលំបាកក្នុងការស្វែងយល់អំពីបំលាស់ទីរបស់សត្វនេះក្នុងព្រៃធម្មជាតិធំទូលាយតួយ៉ាងដូចជានៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនៃខេត្តមណ្ឌលគិរី។ ហេតុដូច្នេះហើយទើបវគ្គបណ្តុះបណ្តាលជំនាញមួយស្តីពីវិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងនៃគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី។ សមាសភាពសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្ត្រីជំនាញស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន អ្នកតំណាងមកពីមន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ អង្គការWWFកម្ពុជា អង្គការWWFវៀតណាម អង្គការWCS និងមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។ សិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូបង្គោលដោយផ្តោតលើគ្រប់ទិដ្ឋភាពបច្ចេកទេស និងកត្តាសុវត្ថិភាពចាំបាច់ទាំងសម្រាប់សត្វដំរី និងអ្នកស្រាវជ្រាវ ពោលគឺចាប់តាំងពីដំណាក់កាលនៃការរៀបចំផែនការ រហូតដល់ការចុះអនុវត្តវិធីសាស្ត្របំពាក់ប្រឡៅកដំរីជាជំហ៊ានៗ។
គាំទ្រដោយ U.S. Fish and Wildlife Service, អង្គការWWFស៊ុយអែត និង អង្គការWWFប៊ែលហ្សិក គម្រោងបំពាក់ប្រឡៅកដំរីជាផ្នែកសំខាន់មួយនៃកម្មវិធីអភិរក្សសត្វដំរីអាស៊ី ដើម្បីសិក្សាពីកត្តាចលករបរិស្ថាននៃបំលាស់ទីរបស់សត្វដំរីអាស៊ី និងព្យាករណ៍ពីទីតាំងនានាក្នុងតំបន់ទីជម្រកដែលសត្វនេះនឹងផ្លាស់ទីជាបណ្តោះអាសន្ន ឬសម្រាប់រយៈពេលយូរ សម្រាប់អ្នកអភិរក្សឈានទៅរៀបចំវិធានការសមស្របសម្រាប់ការអភិរក្ស និងសម្រាប់គាំទ្រដល់ការអភិវឌ្ឍដោយចីរភាពក្នុងតំបន់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានស្វាគមន៍ ចំពោះការបណ្តាលនេះដោយបានបញ្ជាក់ថានេះគឺជាការចូលរួមបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជាឱ្យបានយល់កាន់តែច្បាស់ពីបច្ចេកទេស និងវិធីសាស្ត្រនៃការអភិរក្សសត្វដំរី។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថាបច្ចប្បន្នកម្ពុជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។ ក្រសួងបរិស្ថានប្ដេជ្ញាថានឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងដូច្នេះ៖«យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន»។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែល ៥០ភាគរយ ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
ដោយ : សហការី