ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្សថ្មី ជាយុវជន ចំនួន ៣,៤៩៤ នាក់ នៅទីលានបាល់ទាត់ចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិកាគណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ ក្រុមការងារគណបក្សឃុំ យុវជនគណបក្សភូមិ និងសមាជិកសមាជិកាគណបក្សថ្មី ជាយុវជនជិត៤ពាន់។
បន្ទាប់ពីលោក ស្រេង លី ប្រធានគណៈកម្មាធិកាគណបក្សស្រុកមេមត់ បានអានសេចក្តីសម្រេចស្តីពីការចាត់តាំង សមាជិក សមាជិកាគណបក្សថ្មី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់តំណាងយុវជនក្រុមការងារយុវជនទើបតែងតាំងថ្មីរួចមក លោក ជា សុផារ៉ា បានមានប្រសាសន៏កោតសរសើរចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ និងយុវជនគណបក្សភូមិ ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយ បងប្អូនប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។
លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បន្តថា សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវគោរពទៅតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្ស ទាំងធនធាន សម្ភារព្រមទាំងថវិកា និងជួយសម្របសម្រួលដល់យុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាឲ្យបាននូវជោគជ័យសម្រាប់ការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នៅឆ្នាំ២០២២ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។
ជាចុងក្រោយ លោក ជា សុផារ៉ា បានមានប្រសាសន៏ណែនាំឱ្យក្រុមការងារយុវជនគ្រប់បណ្តាជាន់ថ្នាក់ ត្រូវពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក ឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតទាំងអស់។
ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ទុកលទ្ធភាពជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត និងប្តេជ្ញាគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយរដ្ឋមន្រ្តី ទៅថ្ងៃមុខ ជាពិសេសត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាពជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិ៕
ដោយ : សហការី