ព័ត៌មានទាន់ហេតុការណ៍៖

យុវជនចំនួន ១៤៧០ រូបតំណាងមកពីទូទាំងប្រទេស ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ! នៅថ្ងៃនេះ យុវជនចំនួន ១៤៧០ រូបតំណាងមកពីទូទាំងប្រទេស ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមអធិបតីភាពឯកឧត្តមប្រធាន ហ៊ុន ម៉ានី នាថ្ងៃទី២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។ នេះជាការលើកឡើងដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។ 

ថ្លែងប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.  បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤ ថ្ងៃកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធាន បានធ្វើការឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងបានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យ ក្នុងសេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។  

សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាគ្រប់រាជធានី-ខេត្ត វិស័យ ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក។ 

របាយការណ៏ដែលអានដោយលោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពរួមរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុសង្គមជាតិ និងមាតុភូមិ។ ក្រៅពីការងារស្ម័គ្រចិត្តតូចៗជាលក្ខណៈបុគ្គល និងក្រុម ស.ស.យ.ក. បានចូលរួមដឹកនាំយុទ្ធនាការជាតិជាច្រើននាពេលកន្លងមក។ ការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ និងគ្រប់គ្រងជំងឺកូវីដ ១៩ ការៀបចំព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ព្រះរាជពិធីថ្វាយព្រះពរព្រះមហាក្សត្រ និងយុទ្ធនាការកម្រិតថ្នាក់ជាតិ ឆ្ពោះទៅកាន់ព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម ជាអាទិ៏ បានបង្ហាញពីវិសាលភាព និងសារៈសំខាន់នៃការចូលរួមរបស់មហាគ្រួសារ ស.ស.យ.ក. យើង ក្នុងការផ្តល់ត្រឡប់ជូនសង្គមវិញ ៕

ដោយ : សិលា


ចែករំលែក៖