ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា រាយការណ៍ឆ្លងសំណើវិសោធនកម្មលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចូលរបៀបវារៈបន្ទាប់ មហាសន្និបាតបានធ្វើការពិនិត្យ ពិភាក្សា ឆ្លងសំណើវិសោធនកម្មលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជាដែលរាយការណ៍ដោយ លោក ឌី វិជ្ជា អនុប្រធានស.ស.យ.ក. និងជាប្រធានអនុគណៈកម្មការព្រាងវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។ 

សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ការធ្វើវិសោធនកម្មលក្ខន្តិកៈ គឺដើម្បីធ្វើបច្ចុប្បន្នភាពដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងការលើកកម្ពស់បេសកកម្ម និងការលើកកម្ពស់បុព្វហេតុសហភាពសហព័ន្ធយុវជនកម្ពុជា មុននឹងដាក់ជូនមហាសន្និបាតពិនិត្យ និងអនុម័ត។ 

សូមបញ្ជាក់ថា សំណើវិសោធនកម្មលក្ខន្តិកៈ រួមមាន ៤ មាត្រា ត្រូវបានមហាសន្និបាតអនុម័តទាំងស្រុង នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ហើយនារសៀលថ្ងៃដដែលនេះ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ក៏នឹងបើកកិច្ចប្រជុំរបស់ខ្លួនផងដែរ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិកៈ និងបទបញ្ឌាផ្ទៃក្នុង។ 

សូមជម្រាបជូនថា, យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ! នៅថ្ងៃនេះ យុវជនចំនួន ១៤៧០ រូបតំណាងមកពីទូទាំងប្រទេស ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមអធិបតីភាព លោកប្រធាន ហ៊ុន ម៉ានី នាថ្ងៃទី២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។ នេះជាការលើកឡើងដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។ 

ថ្លែងប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.  បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤ ថ្ងៃកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា ៕

ដោយ : សិលា


ចែករំលែក៖