ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាកម្មករ អនាម័យម្នាក់បានរងរបួសដាច់ជើងទាំងសងខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅវេលាម៉ោង ៨និង ០៥ នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាម បណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦- ៨៧ នៅចំណុចមុខមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពង់ឆ្នាំងស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលរថយន្តបុកម៉ូតូជនរងគ្រោះ ពីក្រោយក្នុងដំណើរស្របទិសគ្នា។
សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ប៉ែន ចាន់គ្រឹស្នា អាយុ ៣២ ឆ្នាំ ជាកម្មករអនាម័យ មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
មុនពេលកើតហេតុស្រីរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JC.6525 ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់ ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.5233 បើកបរដោយជនពុំ ស្គាល់ឈ្មោះ បានបើកមកបុកស្ត្រីរងគ្រោះពីក្រោយបណ្ដាលឲ្យស្រីរងគ្រោះ របួសធ្ងន់ដាច់ជើងទាំងសង ខាង ។ ភ្លាមៗសមត្ថកិច្ចបានបញ្ជូនស្រ្តីរងគ្រោះ ទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ហើយដោយសារស្ថានភាពជើងទាំង២ធ្ងន់ធ្ងរ គ្រូពេទ្យបានសម្រេចកាត់ជើងស្រ្តីរងគ្រោះ ទាំង២ តែម្ដង។
នៅកន្លែងកើតហេតុ ក្រោយពីវាស់វែងរួច សមត្ថកិច្ចបានយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ សូរិយា