ភ្នំពេញ៖ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខណ្ឌចំនួន ៨ខណ្ឌនៃរាជធានីភ្នំពេញ ដែលជាតំណាងឧត្តម សេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះសរុប ៥៦លានរៀល ដែលជាថវិកាសមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ១៤គ្រួសារ ដើម្បីជាការយក ចិត្តទុកដាក់និងចូលរួមជួយសម្រួលដោះស្រាយទុក្ខលំបាកក្នុងជីវភាពគ្រួសារសពអតីតយុទ្ធជនក្រោយពីអតីតយុទ្ធជន១៤នាក់បានទទួលមរណភាពជាបន្តបន្ទាប់ដោយរោគាពាធកាលពីកន្លងទៅនេះ។
ពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ បានធ្វើឡើងនាថ្ងៃទី២៦និង២៧ ខែវិច្ឆិកាឆ្នាំ២០២២ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលមានវត្តមានសំណាក់លោកលោកស្រីប្រធានកិត្តិយសនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខណ្ឌចំនួនខណ្ឌ៨។
ក្នុងឱកាសនោះលោក-លោកស្រីប្រធានកិត្តិយសនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមបណ្តាខណ្ឌក៏ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងការ ចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសពអតីតយុទ្ធជនដែល សមាគមបានបាត់បង់នូវយុទ្ធជន ធ្លាប់មានគុណតម្លៃដ៏ធំធេងចំពោះជាតិមាតុភូមិជាពិសេសបានចូលរួមចំណែកអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ប្រទេសកម្ពុជាបានរីកចំម្រើនរហូតដល់បច្ចុប្បន្ននេះ។វីរភាពភាពដ៍មុះមុតរបស់បងប្អូនអតីតយុទ្ធជនគឺបានស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបងប្អូនអតីតយុទ្ធជនបានលះបង់សព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ។
ក្រុមការងារក៏បានលើកឡើងទៀតថា សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោល ការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាតែងតែ គិតគូរយកចិត្តទុកដាក់និងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ តាម រយៈការអញ្ជើញសាកសួរសុខទុក្ខជាប្រចាំជាមួយការ ឧបត្ថម្ភអំណោយថវិកា ឬស្បៀងអាហារផ្សេងៗ ជាងនេះថែមទៀតក៏បាន គិតគូរស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយកសាងផ្ទះឱ្យមានទីជម្រកត្រឹមត្រូវនិងមានដីធ្លីសម្រាប់បងប្អូនបង្កបង្កើនផលបង្កើនជីវភាព ជាក់ស្តែងសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានដោះស្រាយ កសាងផ្ទះ និងដីធ្លី មួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជននៅលើទឹកដីខេត្តឧត្ថរមានជ័យជាបន្តបន្ទាប់រួចមកហើយ។
ជាងនេះទៅមុខទៀតគឺរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់នឹងជួយគាំទ្រដោះស្រាយបងប្អូនអតីតយុទ្ធជនក៏ដូចជាក្រុមគ្រួសារបន្តទៀត ដោយមិនលះបង់បងប្អូនអតីតយុទ្ធជនចោលនោះទេ។
សូមបញ្ជាក់ថា៖គ្រួសារអតីតយុទ្ធជន១៤សពដែលទទួលបានថវិកាបេឡាមរណៈសង្រ្គោះក្នុនោះមកពី ១-ខណ្ឌពោធិ៍សែនជ័យ០២គ្រួសារសព ,២-ដូនពេញ ០២គ្រួសារសព,៣-ខណ្ឌចំការមន០១គ្រួសារសព, ៤-ខណ្ឌជ្រោយចង្វារ ០១គ្រួសារសព,៥-ខណ្ឌដង្កោ ០១គ្រួសារសព,៦-សែនសុខ ០១គ្រួសារសព,៧- ច្បារអំពៅ០៣គ្រួសារសព និង៨,ខណ្ឌ៧មករា ០៣គ្រួសារសព ដោយ០១គ្រួសារទទួលបានថវិកា៤លានរៀល៕
ដោយ៖ សូរិយា