ភ្នំពេញ ៖ បុរសម្នាក់ខណៈមកពីរត់ឡំប្រឺតាវិញបានយកមកចតចាក់សោទុកនៅមុខផ្ទះ ហើយចូលសម្រាកនៅក្នុងផ្ទះលុះព្រឹកឡើងវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ងងើបទៅមើលឡំប្រឺតា ស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ ទើបផ្អើលឆោឡោនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជឿន អឿន ហៅសាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឡំប្រឺតាដែលជនសង្ស័យលួចយកទៅបាត់នោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-1957 ។
តាមសម្តីជនរងគ្រោះបានប្រាប់តាមទូរស័ព្ទឱ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយវិលត្រឡប់មកពីរត់វិញ ខ្លួនបានចតឡំប្រឺតាទុកនៅមុខផ្ទះដូចសព្វដង ដោយចាក់សោយ៉ាងត្រឹមត្រូវ ហើយក៏ចូលទៅសម្រាកក្នុងផ្ទះទៅ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនភ្ញាក់ពីដំណេក ស្លៀកពាក់ដើម្បីចេញប្រកបរបរ ស្រាប់តែបាត់ឡំប្រឺតាទើបដឹងថាមានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ។
ក្រោយពីមានជនសង្ស័យលួចយកឡំប្រឺតាជាមធ្យោបាយប្រកបរបរចិញ្ចឹមជីវិត ជនរងគ្រោះខិតខំដើរស្វែងរក តែរកមិនឃើញ មិនជួប គឺមានតែរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវជ្រាវប៉ុណ្ណោះ ៕
ដោយ៖សុខាសែនជ័យ