ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវអំណរគុណ ប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នេះបើយោងតាមការបង្ហោះផ្លូវការលើផេករបស់លោក។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានសរសេរថា, ក្នុងឱកាសដែលទូលព្រះបង្គំជាខ្ញុំ ខ្ញុំបាទត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខ នស/រកត/១១២២/១៤៦៥ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រាស់បង្គាប់តែងតាំងជាជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន ទូលព្រះបង្គំជាខ្ញុំ ខ្ញុំបាទសូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវអំណរគុណ ប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោក កើត ឆែ បានបន្តទៀតថា, ទន្ទឹមនឹងនេះ ខ្ញុំបាទសូមសម្ដែងនូវការគោរពដឹងគុណ និងក្ដីរំភើបចិត្តឥតឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ដល់សេចក្តីទុកចិត្តខ្ពស់ តាមរយៈការស្នើសុំព្រះបរមរាជានុញ្ញាតពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់តែងតាំងខ្ញុំបាទជាជំនួយការផ្ទាល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
ជាមួយគ្នានេះ ខ្ញុំបាទសូមសម្ដែងនូវការគោរពដឹងគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ និងសហការីទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្ត និងការគាំទ្រដល់រូបខ្ញុំតាំងពីដើមរហូតមក។
ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តដ៏ធំធេងនេះ ខ្ញុំបាទនឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបម្រើប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងកំណែទម្រង់តាមវិស័យ ជាពិសេសចូលរួមថែរក្សា “សន្តិភាព” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានតម្លៃដ៏មហាសាល មិនឲ្យបាត់បង់ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ : សិលា