ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជន ១០០គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ចាប់ឆ្នោតទទួលដី និងផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតលេខឡូតិ៍ ដី និងផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ 

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម មាន ប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា ការផ្តល់អំណោយដី និងផ្ទះនាពេលនេះ គឺជាការឆ្លើយតបចំពោះការលះបង់ និងការលំបាករបស់អតីតយុទ្ធជនដែលបានពលីចំពោះជាតិមាតុភូមិ។ 

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរ សុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវ ភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធាន ការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖