ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា, ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌសុខាភិបាលឆ្នាំ២០២២ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដែលបានផ្ដល់កិច្ចសហការចាត់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមផ្តល់មតិ និងសង្កេតការណ៍នៅគ្រប់ដំណាក់កាលនៃការប្រឡងចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលបញ្ចប់ ទាំងក្នុងពេលរៀបចំយន្តការ និងនីតិវិធីនៃការប្រឡង និងទាំងក្នុងពេលប្រឡង ព្រមទាំងពេលធ្វើកំណែ ហើយចេញលទ្ធផលប្រឡង ដែលបានធ្វើឱ្យការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលនាពេលនេះ ប្រព្រឹត្តទៅប្រកបដោយតម្លាភាព សុក្រឹតភាព ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានទំនុកចិត្តពីសាធារណជន។
វត្តមាននៃតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងដំណើរការនៃការប្រឡង ពិតជាបានចូលរួម ចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រង ធនធានមនុស្សសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាសុខភាពប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាថ្មីម្តងទៀត ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ លោក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ នៃអង្គភាពប្រឆាំងអំពើពុក រលួយ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា