ខេត្តកណ្ដាល ៖ គួរឱ្យសង្វេគណាស់! ក្មេងប្រុសស្រី៤នាក់ទើបតែមានអាយុជាង១០ឆ្នាំ និងក្រោម១០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅក្នុងរណ្ដៅដីមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង១០នាទី នៅចំណុចរណ្តៅដីជម្រៅ៤ទៅ៥ម៉ែត្រ ទទឹង២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះ០៤នាក់ ទី១-ឈ្មោះ នី ស្រីណា ភេទស្រី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ នី ស្រីណាក់ (ប្អូន) ភេទស្រី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថាន គីមយ៉ាង ភេទប្រុស អាយុ១១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៤-ឈ្មោះ ថាន ថានុក ភេទប្រុស អាយុ៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺពីសាក្សីឈ្មោះ យឿន សែម ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ខ្លួនបានដំណឹងពីក្មេងស្រីរត់មកប្រាប់ថា បងស្រីរបស់ខ្លួនលង់ទឹក ពេលនោះខ្លួនក៏រត់ទៅរណ្តៅដីនោះឃើញតែស្បែកជើងនៅមាត់រណ្តៅដី២ទៅ៣គូ ហើយខ្លួនក៏ចុះក្នុងទឹករាវរក តែរកអត់ឃើញទេ ក៏ស្រែកហៅអ្នកភូមិឱ្យមកជួយចុះរាវរកអស់មួយសន្ទុះធំក៏បានប្រទះឃើញជនរងគ្រោះ៤នាក់ខាងលើ រួចរាយការណ៍ជូនសមត្ថកិច្ចដើម្បីពិនិត្យ។
ក្រោយពីសមត្ថកិច្ចស្រុកទទួលបានព័ត៌មានខាងលើភ្លាមក៏ចុះដល់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញខេត្តមកធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាមានពពុះពណ៌សតាមមាត់និងច្រមុះ ខោអាវសើម សក់សើម បបូរមាត់ពណ៌ស្វាយ ក្នុងក្រចកមានដី ពោះតឹង ពេលផ្អៀងមានទឹកហូរនិងពពុះចេញតាមមាត់និងច្រមុះក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាងជ័យ