ព័ត៌មានទាន់ហេតុការណ៍៖

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​ជាអធិបតីបិទ​ការប្រកួតកីឡាជាតិលើក៣ និង​កីឡា​ជន​ពិការជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។

សូមជម្រាបថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ 

ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ មាន​កីឡា៣៨​ប្រភេទ និង​​កីឡា​ប៉ា​រ៉ា​ហ្គេ​ម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ​ ដោយមានកីឡាករកីឡាការិនីចូលរួម​ប្រកួតប្រជែង ​មក​ពីរាជធានី ខេត្ត និង​ក្រសួង​ចំនួន២៨។ ​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ។ 

គេហទំព័រ Facebookផ្លូវការ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៥:០០នាទីល្ងាច ពីពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ : សិលា


ចែករំលែក៖