ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញ, អាហ្សង់ទីន, អារ៉ាប៊ីសាអ៊ូឌីត ឬម៉ិកស៊ិកជាអ្នកឡើងទៅកាន់វគ្គ១៦ក្រុម នឹងត្រូវកាត់សេចក្តីនៅរាត្រីនេះ

ចែករំលែក៖

ការប្រកួតវគ្គជម្រុះក្នុងពូល C នឹងបញ្ចប់នៅរាត្រីនេះហើយ ដោយក្រុមទាំង៤ត្រូវប្រជែងគ្នាដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមនីមួយៗត្រូវការឈ្នះរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ខណៈក្រុមទាំង៤នឹងប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូនេះម៉ោងនៅកម្ពុជាដែលជាការប្រកួតដំណាលគ្នា។

ក្រុមជម្រើសជាតិប៉ូឡូញត្រូវប៉ះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសុទ្ធសឹងជាក្រុមខ្លាំងប៉ះខ្លាំង។ ចំណែកអារ៉ាប៊ីសាអ៊ូឌីតត្រូវប៉ះម៉ិកស៊ិកដែលក្រុមទាំង២នេះធ្លាប់ចាញ់ប៉ូឡូញ និងអាហ្សង់ទីនដូចគ្នា។ នៅក្នុងពូល C នេះប៉ូឡូញកំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ រីឯអាហ្សង់ទីនឈរលេខ២មាន៣ពិន្ទុ ស្មើជាមួយអារ៉ាប៊ីសាអ៊ូឌីតមាន៣ពិន្ទុដូចគ្នា ខណៈដែលម៉ិកស៊ិកឈរលេខ៤មាន១ពិន្ទុ។

ការប្រកួតនេះប៉ូឡូញអាចនឹងទប់អាហ្សង់ទីនបានត្រឹមស្មើគឺមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមដែរ ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតឈ្នះម៉ិកស៊ិក។ ចំណែកអាហ្សង់ទីនប្រសិនបើស្មើ ឬចាញ់ប៉ូឡូញអាចនឹងមានហានិភ័យប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតរកបានស្មើជាមួយម៉ិកស៊ិក។ចំណែកក្រុមបាតតារាងម៉ិកស៊ិកប្រសិនបើចង់បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ គឺត្រូវយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតយ៉ាងតិច៣គ្រាប់ ប្រសិនបើអាហ្សង់ទីនស្មើ ឬចាញ់ប៉ូឡូញ។ នៅក្នុងការប្រកួតនេះប៉ូឡូញ និងអាហ្សង់ទីនត្រូវបានគេមើលឃើញថា ជាក្រុមមានអាទិភាពខ្ពស់ដែលប្រជែងជាមួយអារ៉ាប៊ីសាអ៊ូឌីតក្នុងការស្វែងរកកៅអីវគ្គ១៦ក្រុមចុងក្រោយ។

សម្រាប់ប៉ូឡូញប៉ះអាហ្សង់ទីននៅរាត្រីនេះគឺជាការប៉ះគ្នាលើកទី៤រវាងក្រុមទាំង២ ដោយ៣លើកកន្លងមកក្រុមជម្រើសជាតិប៉ូឡូញធ្លាប់ឈ្នះអាហ្សង់ទីន២ដង និងអាហ្សង់ទីនធ្លាប់ឈ្នះប៉ូឡូញម្តងគត់។ ប៉ះគ្នាចុងក្រោយក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីខែមិថុនា ឆ្នាំ២០១១ ប៉ូឡូញបានយកឈ្នះអាហ្សង់ទីនក្នុងលទ្ធផល២ទល់១។ គូទាំង២នេះអាចនឹងមានលទ្ធផលស្មើគ្នាក៏ថាបាន ព្រោះប៉ូឡូញជាក្រុមដែលត្រូវការស្មើច្រើនជាងការសម្រុកយកឈ្នះ។ ដោយឡែកមួយគូទៀតគឺអារ៉ាប៊ីសាអ៊ូឌីតប៉ះម៉ិកស៊ិកក៏ជាគូត្រូវការឈ្នះរៀងៗខ្លួនផងដែរ ដោយកន្លងមកគេមើលឃើញថា ក្រុមអារ៉ាប៊ីសាអ៊ូឌីតមានប្រវត្តិល្អជាង និងមានក្តីរំពឹងខ្ពស់ក្នុងការយកឈ្នះម៉ិកស៊ិក ប៉ុន្តែការប៉ះគ្នា៤លើកកន្លងមកអារ៉ាប៊ីសាអ៊ូឌីតមិនដែលយកឈ្នះម៉ិកស៊ិកនោះទេ ដោយម៉ិកស៊ិកយកឈ្នះទាំង៤លើក។ ប៉ះគ្នាលើកចុងក្រោយកាលពីខែកក្កដា ឆ្នាំ១៩៩៩កន្លងទៅគឺម៉ិកស៊ិកយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល៥ទល់១ក្នុងជំនួប Confederation Cup

បើទោះបីក្នុងប្រវត្តិជួបគ្នា៤លើកកន្លងមក អារ៉ាប៊ីសាអ៊ូឌីតមិនដែលឈ្នះម៉ិកស៊ិកក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះក្នុងការប្រកួតបើកឆាកក្នុងពូល C ម៉ិកស៊ិកបានស្មើជាមួយប៉ូឡូញ ខណៈដែលអារ៉ាប៊ីសាអ៊ូឌីតបានចាញ់ប៉ូឡូញទៅវិញដោយរហូតដល់២ទល់០។ ដូច្នេះចាំមើលថាតើអារ៉ាប៊ីសាអ៊ូឌីតអាចយកឈ្នះម៉ិកស៊ិកបាន ឬម៉ិកស៊ិកបន្តកំណត់ត្រាឈ្នះជាលើកទី៥ក្នុងការជួបគ្នានេះ? ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖