ភ្នំពេញ ៖ នៅកម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលស្ថិតក្រោម ការអភិរក្សរបស់គម្រោងផ្សេងៗ ខណៈដំរីព្រៃត្រូវបានប៉ានប្រមាណថាមានចន្លោះពី ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងព្រៃធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ក្រសួងបរិស្ថានបានគាំទ្រយ៉ាងសកម្ម លើគម្រោងអភិរក្សដំរីស្រុក និងបានសហការជាមួយដៃគូរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងអភិរក្សដំរីព្រៃ។
គម្រោង Elephant Valley Project គឺជាគម្រោងទេសចរណ៍ធម្មជាតិមួយរបស់អង្គការ Elephant Livelihood Initiative Environment (ELIE) ដែលមានបេសកកម្មធ្វើឱ្យប្រសើរឡើងដល់សុខភាព និងសុខមាលភាពរបស់សត្វដំរីចិញ្ចឹម អភិរក្សទីជម្រកធម្មជាតិរបស់ដំរីព្រៃ និងគាំទ្រសហគមន៍មូលដ្ឋានដែលធ្វើការងារជិតស្និទ្ធជាមួយសត្វដំរីទាំងនេះ។
គម្រោងនេះ គឺជាដែនជម្រកពិតប្រាកដរបស់សត្វដំរីនៅក្នុងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា និងមានក្រុមបសុពេទ្យចាំមើលថែទាំសុខភាពរបស់ដំរីអាស៊ីដែលរស់នៅក្នុងទីជម្រករបស់ពួកវា រួមមាន ព្រៃឈើ ស្ទឹង និង វាលស្មៅ ក្នុងទំហំផ្ទៃដី ១.៥០០ហិកតា។
គម្រោងនេះ ក៏បានគាំទ្រផងដែរដល់ប្រជាសហគមន៍មូលដ្ឋានចំនួន ២.០០០នាក់ ភាគច្រើនជាជនជាតិភាគតិចព្នង តាមរយៈការផ្តល់ការងារ ការបណ្តុះបណ្តាលផ្អែកតាមជំនាញការងារ ការថែទាំសុខភាពសហគមន៍ ការគាំទ្រលើវិស័យអប់រំ និងការសម្របសម្រួលដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដី ដើម្បីធានាដល់ភាពស្របច្បាប់លើការកាន់កាប់ដីព្រៃកប់សពនិងព្រៃអារក្ស។
អង្គការ ELIE គឺជាដៃគូរយៈពេលវែងរបស់អង្គការ WCS ដែលបានជួយការពារទីជម្រករបស់ដំរីនៅសេសសល់ចុងក្រោយរបស់កម្ពុជា ដោយមានការគាំទ្របន្ថែមពីក្រសួងបរិស្ថាន៕ ដោយ : សហការី
រូបភាព៖ គម្រោង REDD+ Keo Seima