ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានក់រលីឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការិយាល័យអ្នកនាំពាក្យ សូមធ្វើការ បញ្ជាក់ជូនដូចខាងក្រោម៖
១ -ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួម នោះទេ។
២. ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.ដើម្បី បន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួលចំនួន ២១លើក ក្នុងនោះ មានអតីតបុគ្គលិកចំនួន ២៤៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ ត្រឹម ១២៤នាក់។
៣ក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួលករណីវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែល ភាគីវិវាទទាំងពីរនៅតែមិនអាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូម លើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តី ស្របតាមបទ ប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន។
ឆ្លៀតឱកាសនេះ ក្រសួងសូមអំពាវនាវឱ្យភាគីវិវាទមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយ បញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធ និងគោរពឱ្យបាន ម៉ឹងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងច្បាប់ដទៃទៀតជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបតាមការគួរ ៕
ដោយ : សិលា