ខេត្តបន្ទាយមានជ័យ ៖ មន្ទីរពាក់ព័ន្ធមន្ត្រីចុះពិនិត្យ ដីភ្នំដូងព្រះ២០ហិកតានៅក្រុងសិរីសោភ័ណត្រៀមវាស់ឲ្យក្រុមហ៊ុនគង់មាន យកទៅធ្វើរីសតតែប្រជាពលរដ្ឋមិនសុខចិត្តព្រោះប៉ះចំដីរបស់គាត់នៅព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ គេឃើញមានវត្តមាន រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រដ្ឋបាលសាលាក្រុងសិរីសោភ័ណ មន្ត្រីមន្ទីរសូរិយោដីខេត្ត មន្ត្រីមន្ទីរបរិស្ថាន មន្ត្រីមន្ទីររ៉ែនិងថាមពល និងមានអ្នកពាក់ព័ន្ធជាច្រើននាក់បានចុះពិនិត្យដើម្បីធ្វើការវាស់វែង ដីភ្នំដូងព្រះក្នុងក្រុងសិរីសោភ័ណ ឲ្យបានគ្រប់ចំនួន២០ហិកតា ប្រគល់ទៅឲ្យក្រុមហ៊ុនគង់មាន តំណាងដោយលោក សាំង គង់ គ្រោងអភិវឌ្ឍន៍ជារីសត ក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារមកតវ៉ា ថាដីគាត់នៅទីនោះដែរកន្លងមកគេចាក់លុបអស់ហើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអះអាងថា៖ពួកគាត់ជាច្រើនគ្រួសារនេះ ធ្លាប់រស់នៅទីនេះកាន់កាប់ដីដាំដំណាំជាច្រើនឆ្នាំកន្លងមកហើយ ជាប់នៅនឹងជើងភ្នំដូងព្រះនេះ ស្ថិតក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលក្រុមហ៊ុនគង់មាន បំណងចង់យកដីនេះអនុវត្តធ្វើរីសតទៅវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖ ដីតំបន់ភ្នំដូងព្រះនេះ កាលពីអាណត្តិ លោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩ ដែលបានគ្រោងយកទីតាំងដីភ្នំព្រះនេះទំហំជាង២០ហិកតាសំរាប់គម្រោងសាងសង់ធ្វើជាស្តាតឬពហុកីឡដ្ឋាន ដោយរដ្ឋបាលខេត្តបានប្រគល់ឲ្យក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំនិងចូកកាយដឹកដីចេញយកទៅលក់ ពោលគឺគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តនេះ ទុកជាកេរមរតកផង និងទុកត្រៀមកម្មវិធីខ្លះនៃគម្រោងប្រកួតកីឡាប្រជាជាតិអាស៊ីភាគអាគ្នេយ៍ឬស៊ីហ្គេម(SEA GAME) នៅឆ្នាំ២០២៣ ខាងមុខផងដែរ។ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដីរាប់រយពាន់ឡានលក់នោះ គម្រោងសាងសង់ស្តាតខេត្ត អគារលេខាធិការដ្ឋាននៃគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោត កសាងសង់មជ្ឈមណ្ឌលរដ្ឋបាលកីឡា ក្រុងរណបផងនោះ បានក្ស័យធន់ឬដួលរលំ។
ប្រជាពលរដ្ឋបានបន្តទៀតថា៖ ទោះគម្រោងនោះមានវាសនាដូចខាងលើ ក៏រដ្ឋបាលខេត្ត នៅតែឱ្យក្រុមហ៊ុនELH ខាងលើនិងអាជ្ញាធរមានសមត្ថកិច្ចថែរក្សា ការពារទីតាំងដីភ្នំដូងព្រះដែលកាយពង្រាបនោះទុកជារបស់រដ្ឋ។ការបង្កើតគម្រោងស្តាតនិងរចនាសម្ព័ន្ធនានានោះ គឺសម្រាប់ជាប្រយោជន៍រួមរបស់ជាតិនិងខេត្ត ប្រជាពលរដ្ឋមិនជំទាស់ទេ ហើយមានតែសាទរនិងថ្លែងអំណរអរគុណថែមទៀត។ប៉ុន្តែពួកគេមានការសោកស្តាយ ដោយសារគម្រោងនោះ មិនដំណើរការគឺនៅសល់តែសកម្មភាពជីកកាយដឹកដីលក់ជិតរលាយភ្នំតែគ្មានដំណើរការ។
លុះដល់ ថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក៏ស្រាប់តែមានមន្ត្រីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរងនៃរដ្ឋបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត រួមនឹងលោកសាំង គង់ តំណាងក្រុមហ៊ុនគង់មាន បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំនៃភ្នំដូងព្រះដូចខាងលើ ឲ្យបានត្រឹមត្រូវដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុនគង់មាន យកទៅវិនិយោគជារមណីយដ្ឋានទេសចរណ៍(Resort )។សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារមានការព្រួយបារម្ភនិងជំទាស់ ហើយថា ក្រុមហ៊ុននេះ បានបង្កប៉ះពាល់និងរំលោភយកដីរបស់ពួកគេ ។
ជាមួយគ្នានោះដែរលោក សាំង គង់ បានលើកឡើងថា៖លោកមិនខ្វល់នោះទេ ព្រោះក្រុមហ៊ុនគង់មាន របស់លោកធ្វើអ្វីៗលើដីភ្នំដូងព្រះនេះ គឺអនុវត្តតែតាមអាជ្ញាធរខេត្ត អនុញ្ញាតច្បាប់ឲ្យក្រុមហ៊ុនលោកតែប៉ុណ្ណោះហើយមិនបានទៅប៉ះពាល់ឬរំលោភដីរបស់ពលរដ្ឋណានោះឡើយ ។
ចំណែកលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយការពារគម្រោងចាស់(កសាងស្តាតនិងហេដ្ឋារចនាសម្ព័ន្ធនានា)និងគម្រោងថ្មីដែលរដ្ឋបាលខេត្តបានអនុញ្ញាតឬសម្រេចប្រគល់ដីភ្នំដូងព្រះឲ្យក្រុមហ៊ុនគង់មាន យកទៅអភិវឌ្ឍន៍ជារីសត ចំណែកករណីដែលមានពលរដ្ឋអះអាងថា ប៉ះពាល់និងរំលោភយកដីពួកគាត់នោះ អាជ្ញាធរនិងជំនាញនឹងពិនិត្យផ្ទៀងផ្ទាត់មើល ហើយធ្វើការដោះស្រាយនៅពេលក្រោយ ។
មួយវិញទៀត លោកអភិបាលរងខេត្តរូបនេះ បានដាក់សម្ពាធមកលើអ្នកសារព័ត៌មាន មិនឲ្យរាយការណ៍ពីបាតុភាពមិនប្រក្រតី ដែលមានប្រជាពលរដ្ឋតវ៉ានិងក្រុមហ៊ុនគង់មាននោះឡើយ ៕
ដោយ ៖ វណ្ណា