ព័ត៌មានទាន់ហេតុការណ៍៖

អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ចំនួន៤៩សព រៀបចំដាក់ក្នុងប្រអប់មាស តម្កល់នៅលើរថយន្ត នឹងដង្ហែនិវត្តន៍មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា បានមាន ប្រសាសន៍ក្នុងន័យអប់រំថា “ស្លាប់បន្សល់ទុកនៅកេរ្តិ៍ ឈ្មោះ ពេលនៅរស់ត្រូវឱ្យមានប្រយោជន៍”។ នេះបើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៣០ខែវិច្ឆិកានេះ។

 លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា អត្ថន័យខាងលើ ពិតជាល្អណាស់ សម្រាប់បុគ្គលគ្រប់រូបចងចាំ យកទៅអនុវត្ត ដើម្បីអភិវឌ្ឍខ្លួនឯង និងចូលរួមកសាងប្រទេសជាតិ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងបន្តថា ថ្ងៃស្អែកទី១ ខែធ្នូ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ចំនួន៤៩សព ដែលបានប្រារព្ធពិធីនានានៅប្រទេសវៀតណាម និងរៀបចំដាក់ក្នុងប្រអប់មាសតម្កល់នៅលើរថយន្តកម្ពុជា នឹងដង្ហែនិវត្តន៍មកកាន់ប្រទេសកម្ពុជាយើងប្រគល់ ទទួលនៅចំណុចព្រំដែនអ៊ិច១៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា។ លុះដល់ថ្ងៃទី២ ខែធ្នូ នឹងប្រារព្ធពិធីប្រទានភ្លើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា បន្ទាប់មករើសធាតុដាក់ក្នុងកោដ្ឋ។

សូមបញ្ជាក់ថា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ បាននឹងកំពុងសាងសង់បន្តនូវសំណង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះក៏មានការសាងសង់មហាចេតិយចំណាយថវិកាប្រមាណជាង៧០ម៉ឺនដុល្លារ ដើម្បីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង៤៩សពនោះផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារបច្ចេកទេសថ្លែង ក្នុងពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំឃុំឡុងយ៉ាវស្រុកកាំមីខេត្តដុងណាយ ប្រទេសវៀតណាម ព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២ នេះថា៖ ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណា ចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយមនោ សញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជាបងប្អូន ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជសាសន៍ ពិសេស និងដោយផ្ទាល់យោធភូមិភាគទី៧ អាជ្ញាធរ និងប្រជាជនវៀតណាម ខេត្តដុងណាយ ដែលបានផ្តល់នូវការគាំទ្រ ជួយឧបត្ថម្ភ ចែករំលែក ក្នុងស្ថានភាពដែលមិត្តទើបរំដោះប្រទេស ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាង ៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩រូប ដែលបានពលី និងមរណៈ ក្នុងកាលៈទេសៈដ៏លំបាកនោះ បានបញ្ចុះទៅទីនេះ ហើយមិត្តវៀតណាមបានប្រមូលផ្តុំរៀបចំជា បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ ផ្តល់ដី ផ្តល់ប័ណ្ណ ទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ ។ អាជ្ញាធរដែនដី ប្រជាជនវៀតណាម ខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។ ពេលនេះ ព្រះរាជាណា ចក្រកម្ពុជា មានសន្តិភាពពេញលេញ តាមរយះនយោ បាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ នៅក្នុងឱកាសកាសប្រារព្វខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាតស៊ូ បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានបញ្ជូនកូន ចៅ ប្តីសី ក្នុងនាមកងទ័ព និងជំនាញ ការស្ម័គ្រចិត្តគាំទ្រ ចូលរួមប្រយុទ្ធដោយផ្ទាល់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន រំដោះមាតុភូមិ ស្តានិងកសាងឡើងវិញ ប្រទេសកម្ពុជាពីលេខសូន្យរហូតមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ កងទ័ព និងជំនាញការវៀតណាមរាប់សែននាក់ បានពលី ពិការ នៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ មកប្រទេសវៀតណាមវិញនៅឡើយ។

ដូចខ្លឹមសារបទចម្រៀងដែលបានពោលថា មាតុភូមិអើយ ខ្ញុំនឹកអ្នកជានិច្ច ថ្ងៃនេះបងប្អូនទាំង ៤៩រូប នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យក្រុមការងារបច្ចេកទេសយើងខ្ញុំ សហការជាមួយភាគីមិត្តវៀតណាម ដើម្បីនាំបងប្អូនត្រឡប់ទៅកាន់មាតុភូមិកំណើតវិញ ដើម្បីបានជួបជុំគ្រួសារ ញ្ញាតិសន្តាន និងជនរួមជាតិរបស់បងប្អូន។

ឆ្លៀតឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ក្នុងនាមក្រុមការងារបច្ចេកទេស នៃគណៈ កម្មការអន្តរក្រសួង នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីស្មោះស្ម័គ្របំផុត ជូនចំពោះក្រុមការងារបច្ចេកទេស នៃក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ កងពលធំលេខ៣០២ អាជ្ញាធរ និងប្រជាជនខេត្តដុងណាយ ដែលបានផ្តល់ នូវការសហការដ៏ល្អ

សម្រាប់ដំណើរការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា និងការដឹកនាំដោយផ្ទាល់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទោះបីអដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាម និងបន្តរៀបចំសិលាចរឹក ដោយរក្សាទុកតំបន់នេះជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាង នៃសច្ចៈធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាព កម្ពុជា-វៀតណាម ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសូមបងប្អូន ក្រុមការងារលោកអាចារ្យ ខិតខំរៀបចំឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសហការល្អជាមួយភាគីមិត្តវៀតណាម៕

ដោយ៖ សូរិយា


ចែករំលែក៖