ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីពនិងសហព័ន្ធសហជីពនៅកម្ពុជា ដែលតំណាងឱ្យសមាជិកភាគច្រើននៅក្នុងប្រទេសកម្ពុជា បានផ្ញើលិខិតទៅកាន់លោកមឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិ មនុស្សប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គី ភាពនិងឯកភាពក្នុងចលនាកម្មករនិយោជិតនៃព្រះរាជាណាចក្រកម្ពុជា ដោយសារបានទទួលព័ត៌មាននិងពិនិត្យឃើញជាក់ស្តែងជាបន្តបន្ទាប់ថា មានបុគ្គលដែលតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីព ចូលរួមកម្មនវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។
ស្របពេលមានផ្ទុះពាក្យបណ្តឹងនេះឡើង ក៏លេចឮតាមប្រភពផ្ទៃក្នុងចេញពីអង្គការ CENTRAL ទម្លាយឱ្យដឹងថា អ្នកដែលធ្វើសកម្មភាពញុះញង់ខ្លាំងក្នុងបញ្ហានេះ ក៏មានជាប់ពាក់ព័ន្ធនិងឈ្មោះ ឃុន ថារ៉ូផងដែរ គឺពួកគេដែលជាគូកនបាននិងកំពុងឃុបឃិតគ្នា។
លិខិតរបស់សហភាពសហជីពនិងសហព័ន្ធសហជីពនៅកម្ពុជាផ្ញើជូន លោក មឿន តុលា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបន្តថា សកម្មភាពលួចលាក់ទាំងអស់នេះរបស់អង្គការ CENTRAL កំពុងធ្វើ ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពនិងឯកភាពក្នុងចលនា កម្មករនិយោជិត និងធ្វើឱ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលអាចធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍បច្ចុប្បន្ននិងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជាជាយថាហេតុ។ លើសពីនេះ សកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់កម្លាំងនៃចលនាកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។
នៅក្នុងលិខិតបានបញ្ជាក់ថា សហភាពសហជីព និងសហព័ន្ធសហជីព ប្រឆាំងដាច់អហង្ការចំពោះសកម្មភាព ដែលបង្កប់នូវចេតនាទុច្ចរិតទាំងនេះ ហើយទាមទារជាដាច់ខាតឲ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា។
ស្របពេលនឹងការទន្ទឹងរង់ចាំការបកស្រាយបំភ្លឹជុំវិញបញ្ហានេះពីអង្គការ CENTRAL សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពរបស់អង្គការ CENTRAL ហើយបើមិនបញ្ឈប់សកម្មភាពទុច្ចរិតទេ សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា នឹងចាត់វិធានការម៉ឺងមាត់ដើម្បីការពារជាដាច់ខាតនូវផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជាដោយ៖
– បញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងបច្ចុប្បន្ននិងទៅអនាគត ដែលពាក់ព័ន្ធជាមួយអង្គការ CENTRAL។
– ធ្វើការតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យអំពីភាពស្របច្បាប់នូវរាល់សកម្មភាពរបស់អង្គការ CENTRAL។
– ចាត់វិធានការចាំបាច់ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបញ្ឈប់សកម្មភាពទុច្ចរិតទាំងអស់ដែលប៉ះពាល់ដល់ប្រយោជន៍រួមនៃចលនាកម្មករនិយោជិតនៅកម្ពុជា៕
ដោយ៖ សូរិយា