នៅថ្ងៃទី៣០ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពនៅថ្ងៃទី ៣០ ខែវិច្ឆិកា ក្នុងអាយុ៩៦ ឆ្នាំ។
ព័ត៌មានខាងលើត្រូវបានផ្តល់ដោយគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តចិន (CPC) គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មាធិការទូទៅ…។
លោក Jiang Zemin គឺជាមេដឹកនាំជំនាន់ទីបីនៃបក្សកុម្មុយនីស្តចិន។ លោកបានបម្រើការជាអគ្គលេខាបក្សកុម្មុយនីស្តចិនរយៈពេល ១៣ ឆ្នាំ (1989-2002) និងជាប្រធានាធិបតីចិនរយៈពេល១០ឆ្នាំ (1993-2003)។ ពីឆ្នាំ 1989-2004 លោកបានបម្រើការជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។
ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួបានប្រកាសថា លោក ជាំង ហ្សេមីន បានទទួលមរណភាពដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២និង១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។
នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក តេង សៀវពីង (Deng Xiaoping) កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិតនៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែដល់ពេលដែលរូបលោកចូលនិវត្តន៍ក្នុងនាមជាប្រធានាធិបតីនៅឆ្នាំ២០០៣ ចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយទីក្រុងប៉េកាំងធានាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ ពោលគឺប្រទេសចិនកាន់តែខិតជិតឋានៈជា កំពូលមហាអំណាចមួយរបស់ពិភពលោករួចស្រេចទៅហើយ។
លោក ជាំង ហ្សេមីន មានតំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិនពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់៕ ដោយ៖ ធីរីណា
រូបថត ៖ tienphong.vn