ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតជ្រុលបុកអ្នកជិះម៉ូតូ ឌុបគ្នាពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យបុរសជាប្ដីស្លាប់នៅនឹងកន្លែង រីឯប្រពន្ធរងរបួសបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីរសៀល ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវនៅជនបទបណ្ដាលឲ្យបុរសជាប្ដីស្លាប់និងស្ត្រីជាភរិយារងរបួសបាក់ជើងឆ្វេង។ នេះបើតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋាន។

ជនរងគ្រោះឈ្មោះ ហឺ គឹមហ៊ឺ អាយុ៤៤ឆ្នាំ បានរងរបួសរហូតស្លាប់និងប្រពន្ធឈ្មោះ ម៉ាឌី ឈៀត អាយុ៣៧ឆ្នាំ (របួសបាក់ជើងឆ្វេង)រស់នៅភូមិតាថុកឃុំធិបតិជិះម៉ូតូ ឌុបគ្នាពីក្នុងទិសដៅពីខាងជើងទៅត្បូង។ ដោយឡែកភាគីម្ខាងទៀត ឈ្មោះ ប៊ុត ចាន់ថន ប្រុសអាយុ៥៨ឆ្នាំ ជិះម៉ូតូសណ្ដោងរ៉ឺម៉កពីទិសខាងត្បូងទៅជើង។

 របាយការណ៍បានឲ្យដឹងថា អ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉ក បានជ្រុលចង្កូតទៅខាង ឆ្វេងដៃខ្លួន ហើយក៏ជ្រុលទៅបុកអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធពេញទំហឹង ធ្វើឲ្យប្ដីស្លាប់នៅកន្លែង រីឯប្រពន្ធរបួសបាក់ជើងម្ខាង។  អ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉កជិះលឿន ហើយក្នុងស្ថានភាពរេពេញផ្លូវ តែគេមិនដឹងមូលហេតុអ្វីទេ ស្រាប់តែទៅដល់ចំណុចកើតហេតុ ជ្រុលហូសទៅខាងឆ្វេងបុកអ្នកជិះម៉ូតូពីរាក់ប្ដីប្រពន្ធពេញទំហឹងតែម្ដង។

ឧបទ្ទវហេតុនេះ ពីរនាក់ប្ដីប្រពន្ធរងគ្រោះដោយប្ដីស្លាប់ ប្រពន្ធបាក់ជើងម្ខាង ខណៈភាគីជិះម៉ូតូសណ្ដោងរ៉ឺម៉ករបួសមធ្យម ហើយបន្តិចក្រោយមកទើបសមត្ថកិច្ចចុះ ទៅដល់ ដើម្បីជួយសង្គ្រោះអ្នករបួស និងពិនិត្យកន្លែងកើតហេតុ។ សមត្ថកិច្ចក៏បាននិយាយដែរថា បើយោងលើស្លាកស្នាមជាក់ស្ដែងនៅកន្លែងកើតហេតុ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉កនោះពិតជាបានជ្រុលទៅបុកជនរងគ្រោះពីរនាក់ប្ដីប្រពន្ធមែន។  មន្ត្រីជំនាញបាននាំយកម៉ូតូរបស់ភាគីទាំង ពីរទៅរក្សាទុកនៅអធិការស្រុកគាស់ក្រឡ ដើម្បីដោះស្រាយហើយ ក្រោយបញ្ជូនជន រងគ្រោះទៅមន្ទីរពេទ្យ៕

ដោយ៖ សូរិយា


ចែករំលែក៖