ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ដែលប្រពន្ធស្តីបន្ទោសបន្តិចបន្តួច និងមានបញ្ហាជំពាក់បំណុលគេខ្លះផងក៏សម្រេចចិត្តទាញថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវយកទៅសម្ងំផឹកក្នុងបន្ទប់ លុះប្រពន្ធកូនឮសំឡេងក្អួតចង្អោរ និងធុំក្លិនថ្នាំពុលក៏នាំគ្នាបើកទ្វារបន្ទប់មើលស្រាប់តែឃើញប្ដីដេកក្អួតនិងមានដបថ្នាំពុលនៅក្បែរក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីអ្នកភូមិនៅជិតនោះបានឱ្យដឹងថា ៖ បុរសជាជនរងគ្រោះមានឈ្មោះ ណម ជីមអាយុ៦៣ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
ប្រភពបានបន្តទៀតថា មូលហេតុដែលនាំឱ្យបុរសរងគ្រោះដាច់ចិត្តទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវទៅសម្ងំផឹកក្នុងបន្ទប់ទាំងព្រឹកបែបនេះ ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ តូចចិត្តប្រពន្ធស្តីបន្ទោសរឿងជំពាក់បំណុលគេតិចតួចទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្តង។ កូនៗឮសំឡេងក្អួតចង្អោរក្នុងបន្ទប់ក៏ប្រាប់ម្ដាយឱ្យមើល រួចនាំទៅបើកទ្វារភ្លាមឃើញប្ដីដេកក្បែរដបថ្នាំក៏ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យយកទៅលាងក្រពះជម្រះជាតិពុលសង្រ្គោះបន្ទាន់តែម្តង។
ក្រោយពីលោកគ្រូពេទ្យបានលាងក្រពះរួច ជនរងគ្រោះខាងលើមានសង្ឃឹមរស់តិចតួចបំផុត ព្រោះការផឹកថ្នាំពុលប្រភេទនេះ១០០នាក់មានសង្ឃឹមតែម្នាក់ទេ ដោយសារវាជាថ្នាំពុលបាញ់សម្លាប់ស្មៅប្រភេទលេខ១ផលិតនៅប្រទេសថៃ គ្មានឱសថណាអាចបន្សាបឬព្យាបាលបានឡើយ សូម្បីតែទេវតាសង្គ្រោះក៏មិនសង្ឃឹមដែរ គឺសង្ឃឹមតិច។ ក្រោយពេលជនរងគ្រោះផឹករួច ទឹកថ្នាំនេះនឹងជ្រាបចូលទៅក្នុងខ្លួន កាត់ផ្តាច់សាច់ក្រពះ ពោះវៀន ធ្វើឱ្យរលួយរលេះគ្មានសល់នោះទេ។ តែទោះបីជាយ៉ាងណា លោកគ្រូពេទ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់លាងក្រពះជម្រះជាតិពុលឱ្យអស់ពីសមត្ថភាព។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីតាមដានមើលសភាពជំងឺ៕
ដោយ៖ ស សារ៉េត