ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា បានអញ្ជេីញចូលរួមក្នុងការប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២២ (លេីកទី២៩​ នៅកម្ពុជា)​ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព»

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ពុំ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីនៃកាកបាទក្រហមកម្ពុជា​ចំនួន​ ៦រូបទៀត​ បានអញ្ជេីញចូលរួមក្នុងការប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២២ (លេីកទី២៩​ នៅកម្ពុជា)​ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព»។ 

ទិវានេះ​ បានប្រារព្ធធ្វេីឡេីងនៅសាលសន្និសីទ​ចតុម្មុខ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កេីត​ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​ ១ ​ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំស្ថាប័នជាតិ អន្តរជាតិ​  មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសង្គមស៊ីវិល​ តំណាងអ្នកផ្ទុកមេរោគអេដស៍​ និស្សិត​ យុវជនកាកបាទក្រហម​កម្ពុជា និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ សរុបប្រមាណ​ ៧០០នាក់។

ក្នុងឱកាសនោះ​ លោកស្រី ពុំ​ ចន្ទីនី​  អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអានជូនអង្គពិធីនូវសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រ​ហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»។ ​ក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ

២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង

៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា

៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក

៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖