ភ្នំពេញ៖ អគារថ្មីពីរខ្នង មួយខ្នងជាអគារធនធានមនុស្សនិងមួយខ្នងទៀតជាអគារសម្រាប់សិក្សា ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនជួយក្នុងវិស័យអប់រំ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនៅក្នុងវិទ្យាល័យហ៊ុនសែន ព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ , លោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ បានចុះពនិត្យអគារថ្មីទាំង២ខ្នង ដែលទើបសាងសង់រួចរាល់ជាស្ថាពរ នៅសល់តែកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណវិទ្យាល័យតែប៉ុណ្ណោះ ។
ក្នុងការចុះពិនិត្យអគារសិក្សាថ្មីទាំង ២ខ្នងនេះដែរ លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់គណៈគ្រប់គ្រងវិទ្យាល័យនិងគណៈកម្មការទ្រទ្រង់សាលា សូមចូលរួមសហការគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណវិទ្យាល័យឱ្យមានសោភណភាព បរិស្ថានអនាម័យល្អ ដូចជា ដាំដើមឈើ រៀបចំធ្វើសួនច្បារ និងរៀបចំក្រាលការ៉ូឡានៅទីកន្លែងណាដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានផ្ដាំផ្ញើឱ្យគណៈគ្រប់គ្រងវិទ្យាល័យក៏ដូចជាគណៈកម្មការទ្រទ្រង់សាលាធ្វើយ៉ាងណារួមគ្នាថែរក្សាសមិទ្ធិផល និងឧបករណ៍ សម្ភារដែលបំពាក់នៅក្នុង អគារសិក្សាដូចជា កុំព្យូទ័រ សម្ភារនៅក្នុងបន្ទប់ពិសោធន៍និងសម្ភារសិក្សាផ្សេងៗ ទៀតឱ្យបានគង់វង្ស ៕
ដោយ ៖ សណ្តោស