ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ទស្សនកិច្ចសមាជិកសភាអង់គ្លេសនៅកោះតៃវ៉ាន់ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖​ អ្នកនាំពាក្យស្ថានទូតចិន​ប្រចាំចក្រភពអង់គ្លេស​ បានចេញសេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២ ដោយបានចោទសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអង់គ្លេសដែលកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយព្រមទាំងព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា បើទស្សនកិច្ចនេះប៉ះពាល់ដល់ផលប្រយោជន៍ចិន។​

នៅក្នុង​សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា​៖​ «​ភាគីចិនជំរុញឱ្យភាគីអង់គ្លេសគោរពតាមការប្តេជ្ញារបស់ខ្លួន បញ្ឈប់សកម្មភាពណាដែលបំពានគោលការណ៍ចិនតែមួយ ហើយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន»។ ហើយព្រមានថា ចំណាត់ការរបស់ភាគីអង់គ្លេសដែលប៉ះពាល់ផលប្រយោជន៍ចិននឹងត្រូវទទួលការឆ្លើយតបវិញយ៉ាងខ្លាំងក្លាពីភាគី។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់បន្ថែមថា​ ទស្សនកិច្ចនេះផ្តល់សញ្ញាខុសដល់អ្នកដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ។ អង់គ្លេសមានទំនាក់ទំនងការទូតជាមួយចិន មិនមែនតៃវ៉ាន់ទេ។ ប៉ុន្តែចំណងការទូតអង់គ្លេសជាមួយចិនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្លាក់ចុះដោយបញ្ហាសិទ្ធិមនុស្សនៅហុងកុង ស៊ីនជាំង និងការរឹតត្បិតរបស់អង់គ្លេសលើក្រុមហ៊ុនបច្ចេកវិទ្យាចិនជាដើម។

សូមជម្រាបជូនថា​ ជាផ្នែកមួយនៃគោលនយោបាយការបរទេសអង់គ្លេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសទៅដល់តៃវ៉ាន់​ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថ្មីៗនេះ ហើយបានជួបជាមួយមន្រ្តីជាន់ខ្ពស់រួមមានរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu និងនាយករដ្ឋមន្រ្តីតៃវ៉ាន់ Su Tseng-chang។ ក្នុងទស្សនកិច្ចប្រាំថ្ងៃរបស់សមាជិកសភាជាន់ទាបអង់គ្លេសនេះក៏ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen នៅថ្ងៃទី២ ខែធ្នូ ដែរ។

គួរបញ្ជាក់ដែរថា​ អង់គ្លេស​ ប៉ុន្មានថ្ងៃមុនក៏បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ទៅជជែកបន្ទាប់​ពីការចាប់ខ្លួនអ្នកកាសែត BBC ដែលយកព័ត៌មានពីបញ្ហាតវ៉ាប្រឆាំងគោលនយោបាយ​គ្មាន​ជំងឺ​កូវីដ-១៩ របស់រដ្ឋាភិបាលចិនផងដែរ។

ស្របពេលទំនាក់ទំនងចិន-អង់គ្លេសមិនសូវជាគាប់ប្រសើរស្រាប់ ស្ថានទូតចិននៅអង់គ្លេសនៅថ្ងៃទី១ ខែធ្នូ ចេញសេចក្តីថ្លែងការណ៍តបហៅទស្សនកិច្ចនេះជាការបំពានដ៏ធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយរបស់អង់គ្លេស។

គួរបញ្ជាក់ថា​ លោក Rishi Sunak កន្លងមកដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសនៅចុងខែតុលាលើកឡើងថា៖ យុគសម័យមាសនៃទំនាក់ទំនងអង់គ្លេសនិងចិនត្រូវបញ្ចប់ហើយ ព្រោះបញ្ហាប្រឈមជាប្រព័ន្ធរបស់ទីក្រុងប៉េកាំងកំពុងកើនឡើងខ្លាំង ដែលជះឥទ្ធិពលដល់ផលប្រយោជន៍ និងតម្លៃរបស់អង់គ្លេស៕

ដោយ​៖សហការី


ចែករំលែក៖