ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមជម្រាបជូន លោក លោកសី្រ អគ្គលេខាធិការ អគ្គនាយក អគ្គធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងអង្គភាពនានា មេត្តាជ្រាបថា អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានចាត់ក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារ V ទីស្ដីការក្រសួងមហាផ្ទៃ។
នីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖
១-អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព៖
– សាមីខ្លួន យកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព មកសុំបំពេញបែបបទ សុំផ្ដល់ឡើងវិញក្នុងករណីពុំមានការផ្លាស់ប្តូរទិន្នន័យ។
– សាមីខ្លួន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព និង សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ តាមអាសយដ្ឋានបច្ចុប្បន្ន ក្នុងករណីមានការផ្លាស់ប្តូរ អាសយដ្ឋាន។
២. អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ត្រូវមានពាក្យបណ្ដឹង និងពាក្យសុំផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលសាមីខ្លួន ស្នាក់នៅអចិន្ត្រៃយ៍។
៣. អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របក ខូច ៖ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរបក ខូចនោះ មកសុំប្តូរថ្មី ដោយពុំចាំបាច់មានឯកសារអ្វីទេ។
៤. អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ សាមីខ្លួនត្រូវមាន៖
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លង សំបុត្របញ្ជាក់កំណើត ដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ។
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
– អាស្រ័យហេតុនេះ សូម លោក លោកស្រី អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុបប្រឹក្សានីតិកម្ម និងអង្គភាពនានា មេត្តាផ្សព្វផ្សាយ និងស្រង់បញ្ជីឈ្មោះមន្ត្រីរាជការ និងក្រុមគ្រួសារជូនក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា តាមការគួរ។
(ទូរស័ព្ទទំនាក់ទំនងលេខ : ០១១:៤១៦.៦៥៥) ៕
ដោយ : សិលា