ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ចូលលួចក្រមាមេភូមិ​ចំនួន៧០០ក្រមា ត្រូវកម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​ ស្រាវជ្រាវឃាត់​ខ្លួន​បានម្នាក់​ និងគេចខ្លួន៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​ចំនួន​៤នាក់​​ បន្ទាប់​ពី​ជនទាំងនេះគាស់​បន្ទប់​លោក​មេ​ភូមិ​ម្នាក់​​លួច​យក​ក្រមាដែល​ទុក​ធ្វើ​ជា​កាដូ​អនុស្សាវរីយ៍​នៅ​ថ្ងៃ​ការ​ចៅ​ដោយយក​ទៅ​លាក់​ទុក​នៅផ្ទះម៉ែក្មេក​ ។ 

​     ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យខាងលេីនេះ បានធ្វើ​ឡេីង​នៅ​វេលា​ម៉ោង​៩​និង​៤០នាទី​ ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅចំណុច​ផ្លូវ​លំ​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​  ខណ្ឌ​មានជ័យ​  ។ 

​    សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់ដែល​សមត្ថកិច្ចឃាត់​ខ្លួន​បាន​មាន​ឈ្មោះ​ ខែ​ តារ៉ា​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​ (មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។ ​ដោយ​ឡែក​បក្សពួក​បីនាក់​ទៀត​ ដែល​កំពុង​គេច​ខ្លួន​ មាន​ឈ្មោះ​ ទី១​-ឡាង​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​  ទី២-ឈ្មោះ​ ធា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ទី​៣-ឈ្មោះ​ គ័ង​ ភេទប្រុស​អាយុ​២៦ឆ្នាំ​ អ្នក​ទាំង​បី​មានមុខ​របរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​ដូច​គ្នា​ ។ ពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច​បានដកហូត​វត្ថុ​តាង​ ក្រមាខ្មែរ​ចំនួន​៧០០ក្រមាដែល​ជា​របស់​ជន​រងគ្រោះ​ផងដែរ​   ។ 

​   ចំណែក​ជន​រងគ្រោះ​វិញ​ មានឈ្មោះ​ សៀង​ សារុន​ ភេទប្រុស​ អាយុ​៦២ឆ្នាំ​ មុខរបរ​មេភូមិ​ស្នាក់នៅ​ផ្ទះ​លេខ​ ៩៦៨​ ផ្លូវ​បេតុង​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​  ។ 

​     លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​បាន​ឱ្យដឹង​ថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​កាល​ពី​យប់​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២និង​១០នាទី​ ជន​រងគ្រោះ​បានទិញ​ក្រមាចំនួន​៧០០ក្រមាដេីម្បី​យក​មក​ទុក​ធ្វើជា​កាដូអនុស្សាវរីយ៍​ក្នុង​ថ្ងៃ​មង្គលការ​ចៅ​ ហើយ​ក៏យក​ក្រមាទៅ​ទុក​ក្នុង​បន្ទប់​ផ្ទះ​ខាង​ក្រោម​ រួច​ហើយ​រូប​គាត់​បាន​ទៅ​សម្រាក​នៅ​បន្ទប់​ខាង​មុខ​លង់លក់​ដូច​សព្វដង​បាត់​ទៅ​។ 

​  ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ដល់​ជន​រងគ្រោះ​​ភ្ញាក់ដឹង​ខ្លួន​ពី​ដំណេក​វិញ​ក៏

បានដេីរ​ចូល​ទៅ​មេីល​ក្នុង​បន្ទប់​ខាង​ក្រោយក៏ស្រាប់​តែ​ឃេីញ​បន្ទប់​ត្រូវ​បាន​ជនសង្ស័យ​គាស់​​ទម្លុះទម្លាយ​ ហើយ​យក​ក្រមាទៅ​បាត់​អស់​តែ​ម្ដង​ទេីប​បានទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ដេីម្បី​ឱ្យសមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​យកមក​ចាត់ការ​តាម​ច្បាប់​។ 

​  ក្នុង​ករណី​នេះ​ដែរ​ បន្ទាប់​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​រួចហើយ​  និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​វរសេនីយទោ​ អ៊ុក​ បូនិន​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ បានបញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ដោយ​មាន​ការ​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ឯម​ ភារី  នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​ បានធ្វើ​ការ​ស្រាវជ្រាវ​តាម​ជំនាញ​រហូតដល់ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ខៃ​ តារ៉ា​ ហៅ​ស័រ​ នៅ​ចំណុច​ផ្លូវ​បេតុង​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​។ 

​  ចំពោះ​ការ​សាកសួរ​ ជនសង្ស័យ​បានសារភាព​ថា​ រូប​គេ​រួមជាមួយបក្ស​៣នាក់​ទៀត​បានធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទម្លាយ​ យក​ក្រមារបស់​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ ហើយ​ពេលយក​បាន​ហេីយ​ ជនសង្ស័យ​បាន​យក​ក្រមានោះ​ទៅ​ផ្ញើ​នៅ​ អតីតផ្ទះ​ម៉ែ​ក្មេក​ ទេីប​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទៅ​យក​ក្រមាដែល​ជា​របស់​ជន​រងគ្រោះ​បាន​ទាំងអស់​មក​វិញ​  ។ 

​  ក្រោយ​ពេល​សាក​សួរ​រួចហើយ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ ចំណែក​ជន​សង្ស័យ​៣នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​ សមត្ថកិច្ច​និង​ធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​យក​មក​ចាត់ការ​បន្ត​តាម​ច្បាប់​ផង​ដែរ​  ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖