ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងសារលិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ថា៖ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ បងប្អូននិងក្មួយៗជនមានពិការភាព ជនរួមជាតិ ជាទីស្នេហា!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដើម្បីផ្ញើសារចូលរួម អបអរសាទរជូនបងប្អូនជនរួមជាតិ ពិសេសជនមានពិការភាពកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធ ទិវាជនមានពិការភាព កម្ពុជាលើកទី២៤និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ “ពិការភាពទាំងអស់មិន អាចកំណត់ដោយការមើលនឹងភ្នែកនោះទេ” នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ។
ជាការពិតណាស់ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជារបស់យើងបានទទួលឥទ្ធិពលអវិជ្ជមាន ឆ្លងកាត់វិបត្តិជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចពិភពលោកដែលជាហេតុធ្វើឱ្យមាន ការអាក់ខានការប្រារព្ធពិធីមីខ្ទីងជាផ្លូវការនៃទិវាជនមានពិការភាពនៅកម្ពុជា។ ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាលមិនបាន រៀបចំកម្មវិធីជាផ្លូវការនាពេលកន្លងមកនេះក្តី ក៏ខ្ញុំព្រះករុណា ខ្ញុំបានចាត់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដើម្បីចែកជូនជនមាន ពិការភាពនៅតាមសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីចូលរួមដោះស្រាយនូវការលំបាកមួយគ្រាៗ និងជា ការបង្ហាញអំពីការយកចិត្តទុកដាក់ដែលមិនអាចកាត់ផ្តាច់និងមើលរំលងបានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនជនមាន ពិការភាព បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងមកយ៉ាងណាក្តី។
បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ប្រមែប្រមូល និងបញ្ជាទិញវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាជនកម្ពុជា ពិសេសជូនជនមានពិការភាពដើម្បីឱ្យរួចផុតពីសេចក្ដីស្លាប់ដែលបណ្ដាលមកពីជំងឺ ដ៏កាចសាហាវនេះ ។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជារបស់យើងបានបើកសង្គម សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានភាព សុំក្នុងសហគមន៍ ដែលជាហេតុធ្វើឱ្យប្រទេសយើងវិលត្រឡប់មករកស្ថានភាពប្រក្រតីរស់នៅតាមគន្លងថ្មី ហើយឈានមកទទួលរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនបន្ថែមទៀត ដែលនេះគឺជាមោទនភាពរបស់រាជរដ្ឋ ភិបាលក៏ដូចជាប្រជាជាតិយើងទាំងមូល។
ឆ្នាំ២០២២នេះ បន្ទាប់ពីការបើកដំណើរការប្រទេសពេញលេញឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក៏មានមោទនភាព ដើម្បីរៀបចំប្រារព្ធពិធីមីខ្ទីងអបអរសាទរព្រឹត្តិការណ៍៣ធ្នូ ទិវាជនមានពិការភាពកម្ពុជាលើកទី២៤និងទិវាជនមានពិការ ភាពអន្តរជាតិលើកទី៤០ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឡើងវិញក្នុងបរិបទកូវីដ-១៩ ដែលជាការបង្កឱកាសឱ្យ បងប្អូនជនមានពិការភាពបានជួបជុំសប្បាយរីករាយក្រោមដំបូលនៃសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា។
ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះភាពអត់ធ្មត់ ការយោគយល់អធ្យាស្រ័យពីសំណាក់ជនមាន ពិការភាពកម្ពុជានាពេលកន្លងមកចំពោះការអាក់ខានមិនបានរៀបចំនូវការជួបជុំជូនបងប្អូនមានពិការភាព ព្រោះជា ការចាំបាច់ដែលប្រជាជនយើងទាំងអស់គា្នត្រូវតែចូលរួមអនុវត្ត “៣កុំ ៣ការពារ” ដែលជាលទ្ធផលអាចធ្វើឱ្យយើង ទាំងអស់គ្នារស់រានមានជីវិតនិងបានជួបជុំសប្បាយរីករាយឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ក្នុងន័យនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្មណ៍ពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំង ប្រទេសអស់ពីដួងចិត្ត។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមាន ពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននឹងនៅបន្តផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១និងក្រ-២) ជាក់ស្ដែងយើងបានផ្តល់សាច់ប្រាក់បានប្រមាណ ៧០៦ ០៦០គ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ៣ ៣៤៨ ២០៣ ១១១ ០០០រៀល (បីពាន់បីរយសសិប ប្រាំបីលាន ពីររយបីលាន មួយរយដប់មួយពាន់រៀលគត់) ស្មើនឹង ៨៣៧,០៥លានដុល្លារអាមេរិក (ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) ក្នុងនោះមានជនមានពិការភាពចំនួន ៦៤ ៧០៩នាក់ មនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំចំនួន ៣៦៤ ៨៨៦នាក់ និងគ្រួសារដែលមានជំងឺអេដស៏ចំនួន ២០៣១នាក់ ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក ជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ជុំទី១០ (ខែតុលា ឆ្នាំ២០២២)។
ក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវគារវភក្តីនិងកតញ្ញូតាធម៌ថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់អំពី សុខទុក្ខកូនចៅមានពិការភាព របស់ព្រះអង្គ ដោយបានប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏វិសេសវិសាលថ្លថ្ល ដល់កូនចៅដែលរងគ្រោះដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព។
បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបាន វិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្ត្រីមានពិការភាព ៣៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ។ នាយកដា្ឋនសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្ត កម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណ សំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)។ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន គុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយ គឺ៖ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការ មិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាព របស់ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។
រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។ ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំនិងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយដ៏មានសារៈប្រយោជន៍និងនិរន្តភាព។
កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់និង គ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) សម្រាប់ជនមានពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។
ក្រៅពីនេះ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ក៏ត្រូវបាន ដាក់ឱ្យប្រើជាផ្លូវការដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពស្នើសុំបណ្ណបើកបរបានស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។
ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាព ផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។ ជាមួយគ្ន នេះ ការលើកកម្ពស់ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ ស្ត្រី និងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះទៀត ខ្ញុំសូម ឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្មនិងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមការងារសកម្មភាពជនពិការតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរ ជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ក្រុមគ្រួសារជនមានពិការភាព ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និង ធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសជនមានពិការភាព ដើម្បីឱ្យពួកគេទទួលបានសិទ្ធិលេញដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើក កម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអីនឈាន់ “ធ្វើ ឱ្យសិទ្ធិក្លាយជាការពិត“។
ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិឆ្នាំនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម ធ្វើការអំពាវនាវដូចតទៅ៖
ទី១- ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩- ២០២៣ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ គោលនយោបាយជាតិ និង អន្តរជាតិនានាដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។
ទី២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្ត ជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពិការភាព ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាព ដោយរៀបចំជា ផែនការសកម្មភាពនិងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។
ទី៣- សូមជនមានពិការភាពកម្ពុជាគ្រប់រូបដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខឱ្យទទួលបាននូវជោគជ័យ។
ទី៤- ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃ ទ្វារបន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។
ទី៥- គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាព ឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៦- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង អស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូល
បម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។ ទី៧- ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្ដីពី ការរាតត្បាតនិងពិធីសាស្ត្រការពារជំងឺកូវីដ-១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។
ទី៨- សូមជនមានពិការភាពទាំងអស់ បន្តអនុវត្តវិធានការការពារ និងទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូស ជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាភាពស៊ាំបុគ្គលនិងសហគមន៍ដែលជាការធានានូវនិរន្តភាពនៃការរស់នៅប្រចាំថ្ងៃ ក្នុង ប្រក្រតីភាពថ្មី។ ទី៩- សូមជនមានពិការភាពគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះនិងបោះឆ្នោតឱ្យបានគ្រប់ៗគា្ន តាមឆន្ទៈរៀងៗខ្លួន។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូន ក្មួយៗ ជនមានពិការភាព និងជនរួមជាតិទាំងអស់សូមប្រកបបាននូវពុទ្ធពរ និងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំ បីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ស តារា