ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូរដ្ឋធានីអាស៊ាន បានបង្ហាញពីជោគជ័យ នៃការគ្រប់គ្រងជំងឺកូវីដ.១៩ ប្រកបដោយប្រសិទ្ធភាព នៅកម្ពុជា ។
លោកបានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅរសៀលថ្ងៃទី០២ ធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានថ្លែងថា កិច្ចប្រជុំដោយផ្ទាល់នាពេលនេះ នឹងបន្តពង្រឹង ព្រមទាំង គោរពកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ រវាងរាជធានី និងរដ្ឋធានីអាស៊ាន ជាពិសេសពូនជ្រុំការប្ដេជ្ញាចិត្តរបស់ ថ្នាក់ដឹកនាំរាជធានីរដ្ឋធានីនៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទីក្រុងឆ្លាត មានភាពធន់ និងមាន ចីរភាព ព្រមទាំងសមត្ថភាពក្នុងការទប់ស្កាត់និងគ្រប់គ្រង ស្ថានការណ៍កើតមានឡើងទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព ។
លោកបានបន្តថា កិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាននេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះនៅតាមរាជធានីនិងរដ្ឋធានី ជាពិសេសប្រធានប្តូរវេនអាស៊ាន ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្នុងនាមប្រទេសកម្ពុជាជាប្រធានប្តូរវេនអាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស និងឱកាសក្នុងការរៀបចំកិច្ចប្រជុំជាលើកដំបូង បន្ទាប់ពីខកខានរៀបចំរយៈពេល២ឆ្នាំ ដែលនេះជាឱកាស ជួបជុំគ្នាដោយផ្ទាល់ ដើម្បីជជែកលើបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជា ដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩ ។
លោកបានបញ្ជាក់ថា អំពីការជោគជ័យនិងឆ្លើយតបបានទាន់ពេលវេលា និង ការគ្រប់គ្រងជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព តាមវិធានការនិងយុទ្ធសាស្ត្របានដាក់ចេញ ដោយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រទេសដទៃក្នុងតំបន់ផងដែរ ។ បន្ទាប់ពីបើកប្រទេសស្ដារសេដ្ឋកិច្ចឡើងវិញ បញ្ហាប្រឈមនានាបានលេចរូបរាងឡើង ក្នុងអំឡុងពេលកូវីដ១៩ ដោយបានបង្ហាញពីភាពខ្វះចន្លោះ ក៏ដូចជាពញ្ញាក់ស្មារតីដល់រាជធានី រដ្ឋធានី ខេត្ត និងស្រុក ដើម្បីបង្វែរការយកចិត្តទុកដាក់ មិនត្រឹមតែជាការដោះស្រាយអ្វីដែលជាស្ថានការណ៍ចំពោះមុខ ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើការត្រៀមខ្លួន និងឆ្លើយតបចំពោះភាពមិនច្បាស់លាស់ ដែលកើតមានឡើង ជាយថាហេតុ នៅក្នុងសកលលោកនិងតំបន់អាស៊ាន ៕
ដោយ ៖ សំរិត