ភ្នំពេញ៖ ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus)៖ ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៥-២៧គ.ក។ នេះបេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែធ្នូ ឆ្នាំ២០២២។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ខ្លាឃ្មុំតូច ដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ (U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា របាយណ៍សត្វខ្លាឃ្មុំតូចមានជាមធ្យមនៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំតូច ជាប្រភេទសត្វមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU)។ #សម្រស់កម្ពុជា #ជីវៈចម្រុះ#យុទ្ធនាការអន្ទាក់សូន្យ ៕
ដោយ៖សហការី