ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើជាសហប្រធានជាមួយ លោក Carlos Alberto Franco França រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ប្រេស៊ីល លើកទី១។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ទំនាក់ទំនង ការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការជួញដូរមនុស្ស ការដោះមីន និង បេសសកកម្មថែរក្សាសន្តិភាព។ ភាគីទាំងពីរបានបង្ហាញនូវទស្សនៈសុទិដ្ឋិនិយមថា ប្រទេសទាំងពីរ នៅមានវិស័យសក្តានុពលជាច្រើនទៀតដើម្បីស្វែងយល់ពីគ្នា និងទាញយកផលប្រយោជន៍ ក្នុង ពេលដែលប្រទេសទាំងពីរកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យដែលអាចសម្រេចបាន។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូយោបល់លើកិច្ច សហការក្នុងការបើកស្ថានទូតរៀងៗខ្លួន ទាំងនៅទីក្រុងប្រេស៊ីលៀ និងនៅទីក្រុងភ្នំពេញ ក្នុងពេល អនាគតដ៏ឆាប់ខាងមុខ។
ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ លោក អ៊ុច បូររិទ្ធ បានស្នើឱ្យ មានវេទិកាធុរកិច្ច រៀបចំឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅទីក្រុង ភ្នំពេញ ដើម្បីពង្រីកសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងវិស័យអប់រំ ភាគីប្រេស៊ីលរីករាយនឹងផ្តល់អាហារូបករណ៍ចំនួន៥កន្លែង ដល់សិស្សនិស្សិតកម្ពុជា ក្នុងមួយឆ្នាំៗ ។ ចំពោះវិស័យកសិកម្ម ដោយកម្ពុជា និងប្រេស៊ីលមានអាកាសធាតុត្រូពិចដូចគ្នា ប្រទេសទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម តាម រយៈ ការចែករំលែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជំនាញទៅវិញ ទៅមក។ អំពីការដោះមីន និងបេសកកម្មថែរក្សាសន្តិភាព លោក អ៊ុច បូររិទ្ធ បានលើកទឹកចិត្ត
ភាគីប្រេស៊ីលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងផ្តល់ការហ្វឹកហ្វឺនតាមរយៈមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
ចំពោះបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានពិភាក្សាគ្នាអំពី ASEAN, MERCOSUR, FEALAC និងបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ដែលជាក្តីកង្វល់រួម។ ទន្ទឹម នឹងនេះ លោក Carlos França បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកប ដោយជោគជ័យ នៅក្នុងពេលដែលមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយដ៏លំបាក និងបាន វាយតម្លៃខ្ពស់លើការគាំទ្ររបស់កម្ពុជាចំពោះប្រេស៊ីល ក្នុងភាពជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។លោក អ៊ុច បូររិទ្ធ បានធ្វើការកត់សម្គាល់ពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការពង្រឹង ទំនាក់ទំនងជាមួយអាស៊ាន និងការតភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងតំបន់ទាំងពីរ។
ក្រោយកិច្ចប្រជុំពិគ្រោះយោបល់ លោក អ៊ុច បូររិទ្ធ បានចុះហត្ថលេខាជាមួយ លោក Carlos França លើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេស ទាំងពីរ និងបានអញ្ជើញទៅទស្សនា វិទ្យាស្ថានការទូត Rio Branco នៃក្រសួងការបរទេសប្រេស៊ីល ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ុច បូររិទ្ធ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលា ស្តីពី «ប្រេស៊ីល និងអាស៊ាន រួមជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីលសមាជិក ព្រឹទ្ធសភា ប្រធានមូលនិធិវប្បធម៌នៃក្រសួងការបរទេស(FUNAG) និងបណ្តាអង្គទូតផ្សេងៗ រួមទាំង សហគមន៍អ្នកការទូតនៃប្រទេសអាស៊ាននៅទីក្រុងប្រេស៊ីលៀ ផងដែរ។ នៅក្នុងសុន្ទរកថា លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់លើភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ នេះ និងការពង្រឹងទំនាក់ទំនងរវាងប្រទេសប្រេស៊ីលនិងអាស៊ាន តាមរយៈការលើកកម្ពស់ការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ ការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខស្បៀង និងការធ្វើការងាររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងសន្តិសុខ អន្តរជាតិ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច លោក អ៊ុច បូររិទ្ធ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Augusto Pestana ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគប្រេស៊ីល (ApexBrasil)។ លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនអំពីទស្សនវិស័យសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ការងើបឡើង វិញយ៉ាងឆាប់រហ័សក្រោយកូវីដ-១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងច្បាប់វិនិយោគថ្មីដ៏ទាក់ ទាញ ដែលទាំងអស់នេះសុទ្ធសឹងតែជាលក្ខខណ្ឌអំណោយផលដល់វិនិយោគិនប្រេស៊ីល។ លោក August | Pestana បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាដែលមកបំពេញទស្សនកិច្ចនៅ ប្រទេសប្រេស៊ីល និងសង្ឃឹមថាអាចនឹងពង្រីកសកម្មភាពធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ ៕
ដោយ : សិលា